មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរឲ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួនមិនត្រូវបើកបរលើសល្បឿនកំណត់ត្រូវគោរពសិទ្ធិអាទិភាព

0

សៀមរាប ៖  មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការសំណូមពរឲ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួនមិនត្រូវបើកបរលើសល្បឿនកំណត់ត្រូវគោរពសិទ្ធិអាទិភាព
នៅក្នុងពិធីសម្ភោធកាត់ខ្សែបូរប្រកាសដាក់ឱ្យប្រើប្រាស់”បរិក្ខាសុវត្ត្ថិភាពចរាចរណ៍នៅតំបន់ជុំវិញវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និងសម្ភារៈអប់រំផ្សព្វផ្សាយនានាក្នុងបរិវេណវិទ្យាល័យ គោលដៅ” នៅក្នុងនៅវិទ្យាល័យ ហ៊ុន សែនប្រាសាទបាគង ដែលស្ថិតក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាបនាព្រឹកថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០២៥។

នេះ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន  និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងអំពាវនាវនិងសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់និងប្រើប្រាស់យានជំនិះគ្រប់ប្រភេទត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាព ហើយក្នុងពេលធ្វើដំណើរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវនៅពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរតាមម៉ូតូដោយមិនគិតទីជិត ឬទីឆ្ងាយឡើយ   ទាំងអស់គ្នាមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង. ពេលបើកបរហាមប្រើប្រាស់ទូរស័ព្ទដៃ ហាមបើកបរខុសទិសចរាចរណ៍ ឬស្លាកសញ្ញា មិនគោរពភ្លើងសញ្ញាចរាចរណ៍ហើយមុននឹងបើកបរត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួត ពិនិត្យកង់ចង្កូតហ្វ្រាំងភ្លើងបំភ្លឺជាដើម  ។
លោកជំទាវ មឹន មាណវី បានមានប្រសាសន៍បញ្ជាក់ថាការបំពាក់បរិក្ខាសុវត្ត្ថិភាពចរាចរណ៍នៅតំបន់ជុំវិញវិទ្យាល័យនេះគឺមានគោលបំណងដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ជាពិសេសិស្សានុសិស្ស ឲ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ និងដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីធ្វើការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានា ខណៈបញ្ហានេះបាននិង កំពុងក្លាយទៅជាប្រធានបទមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលត្រូវទាមទារឲ្យមាន ការចូលរួមគោរពច្បាប់ ចរាចរណ៍ឱ្យបានគ្រប់គ្នាផងដែរ ។
ក្នុងនាមអាជ្ញាធរខេត្តលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាបបាន មានប្រសាសន៍ ថ្លែងអំណរ គុណ ដល់អង្គការមូលនិធិបង្ការរបួសអាស៊ី ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលអនុវត្តក្មវិធីវិធានការសុវត្ថិភាពចរាចរណ៍នៅវិទ្យាល័យគោលដៅក្នុងខេត្តសៀមរាប ជាពិសេសបានរៀបចំបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅតំបន់ជុំវិញវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និងសម្ភារៈផ្សព្វផ្សាយអប់រំនានាក្នុងបរិវេណវិទ្យាល័យគោលដៅ ដែលជាវិធានការដ៏មានសារៈសំខាន់ណាស់ សម្រាប់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានារក្សាបាននូវសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងប្អូនៗ ក្មួយៗ សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង ។

តាមតំបន់សាលារៀន ព្រមទាំងបានចូលរួមគាំទ្រអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺពិតជាបានជួយគាំទ្រដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របៀបរៀបរយលើកិច្ចការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្លាកសញ្ញាចរាចរណ៍ និង ចៀសវាងផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ដែលផ្តល់នូវភាពសុខដុមសម្រាប់អ្នកប្រើប្រាស់ផ្លូវថ្នល់ ជាពិសេសធានាបាននូវសុខសុវត្ថិភាពដល់សិស្សសាលាយ៉ាងច្រើនបន្ថែមទៀត។   ក្នុងនោះដែរលោកអភិបាលរងខេត្តក៍បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែមលើការប្រើប្រាស់ផ្លូវថ្នល់ឱ្យមាននិរន្តរភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈនៅតាមដងផ្លូវឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព និងសូមឲ្យ រក្សាបាននូវសុខសុវត្ថិភាពយ៉ាងល្អជូនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ ដែលអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិត ហើយក៏ជាសមិទ្ធិផលដ៏មានតម្លៃសម្រាប់ខេត្តសៀមរាប បន្ថែមទៀតផងដែរ។

លោកស្រី ស៊ាង លក្ខិណា អនុប្រធានផ្នែកនិរន្តរភាព និងវិនិយោគសហគមន៍នៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថាកុមារនិងយុវជនជាច្រើនប្រឈមនឹងហានិភ័យនៅពេលធ្វើដំណើរទៅសិក្សារៀនសូត្រជាប្រចាំថ្ងៃ ហើយគ្រោះថ្នាក់ចរាចរណ៍គឺជាបុព្វហេតុចម្បងនៃមរណភាពកុមារនិងក្មេងវ័យជំទង់អាយុចន្លោះពី ៥-២៩ឆ្នាំនៅទូទាំងពិភពលោក។ នៅកម្ពុជា មានសិស្ស-និស្សិតចំនួន ១២% ក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ក្នុងឆ្នាំ២០២២។ ក្នុងចំណោមជនរងគ្រោះជាសិស្ស-និស្សិតទាំងនេះ ប្រមាណជិត ៦០% គឺជាសិស្សកំពុងសិក្សានៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ។ នេះគឺជាវិបត្តិផ្នែកសុខភាពសាធារណៈមួយដែលមានផលប៉ះពាល់យ៉ាងខ្លាំងបំផុតមកលើយុវជន ។ សិស្សានុសិស្សទទួលរងប៉ះពាល់បំផុត ដោយសារតែពួកគាត់ទើបតែរៀន ឬចាប់ផ្តើមជិះយានជំនិះ ពុំមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបើកបរហើយជួនកាល ពួកគាត់បានចូលរូមក្នុងឥរិយាបទមួយប្រកបដោយហានិភ័យខ្ពស់ ដូចជាមិនបានពាក់មួកសុវត្ថិភាព ការបើកបរក្នុងល្បឿនលើសកំណត់ និងការជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម។