កំពង់ធំ÷ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកំពង់ធំ ថ្លែងក្នុងឱកាសចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល(ម.ស.ស) ដល់ក្រុមប្រជាជនគន្លឹះដែលជាបុគ្គលបម្រើការក្នុងសេវាសម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ
នៅសាលប្រជុំមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ទាផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ ឯកឧត្តម រស់ សីលលីវ៉ាត អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ លោក លោកស្រីប្រតិភូអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អភិបាលរងក្រុងស្ទឹងសែន តំណាងមន្ទីរទេសចរណ៍ មន្ទីរការងារ មន្ទីរកិច្ចការនារី មន្ទីរព័ត៌មាន ចៅសង្កាត់អាចារ្យលាក់ ក្រុមការងារអង្គការដៃគូ ម្ចាស់សេវាកម្សាន្តទេសចរណ៍ និងក្មួយៗដែលជាប្រជាជនគន្លឹះបម្រើការក្នុងសេវាសម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តម អ៊ុង វុទ្ធី បានមានប្រសាសន៍ថាការចុះបញ្ជីផ្តល់និងប្រើប្រាស់បណ្ណមូលនិធិសមធម៌សុខាភិបាល (បណ្ណ ម.ស.ស.) ដល់ប្រជាជនគន្លឹះដែលបម្រើការក្នុងសេវាសម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬហៅកាត់ខ្លីថាការគាំពារសង្គមសម្រាប់ប្រជាជនគន្លឹះដែលជាការងារអាទិភាពដែលរាជរដ្ឋាភិបាលបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបញ្ចប់ជំងឺអេដស៍ដែលជាការគំរាមកំហែងសុខភាពសាធារណៈនៅឆ្នាំ២០២៨។គោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍នេះមិនត្រឹមតែផ្តោតលើការបង្ការ និងការព្យាបាលប៉ុណ្ណោះទេ គឺសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ថែមទាំងទទួលស្គាល់យ៉ាងច្បាស់នូវតួនាទីដ៏សំខាន់នៃសេវាគាំពារសង្គម និងប្រជាជនគន្លឹះផងដែរ។
ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានបន្តទៀតថា ប្រជាជនដែលមានការលំបាកផ្នែកជីវភាពមានចំនួន៦៣៨នាក់ តាមរយៈយុទ្ធនាការរបស់ក្រសួងផែនការ ឥឡូវនេះខេត្តកំពង់ធំ មានមោទនភាពជាខេត្តដំបូងគេដែលបានចាប់ផ្តើមចុះបញ្ជីផ្តល់ និងប្រើប្រាស់បណ្ណមូលនិធិសមធម៌សុខាភិបាល ( ម.ស.ស.) ដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ចំនួន២០នាក់ក្នុងក្រុងស្ទឹងសែនតាមរយៈការស្នើសុំរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ទៅសាខា ប.ស.ស ប្រចាំខេត្តកំពង់ធំ ទទួលបានជោគជ័យ។ រីឯអ្នកផ្ទុកមេរោគអេដស៍ រាជរដ្ឋាភិបាលក៏បានផ្តល់ប័ណ្ណសមធម៌(កម្រិតភាពក្រ២)នេះផងដែរ មានចំនួន១.០៣៣នាក់ ស្មើនឹង៨៤% ក្នុងនោះប័ណ្ណសមធម៌ដែលផ្តល់នៅសេវាARTចំនួន៨៨៦នាក់ ស្មើនឹង៧២% និងប័ណ្ណដែលផ្តល់នៅថ្នាក់ឃុំសង្កាត់ចំនួន១៤៧នាក់ ស្មើនឹង១២% ។
ឯកឧត្តម អ៊ុង វុទ្ធី អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់ក្មួយៗជាប្រជាជនគន្លឹះ រួមមានស្ត្រីក្នុងសេវាកម្សាន្ត បុរសដែលរួមភេទជាមួយបុរស អ្នកបំលែងភេទ និងអ្នកដែលប្រើប្រាស់គ្រឿងញៀន ជំរុញឱ្យមករកការធ្វើតេស្តមេរោគអេដស៍ ជាពិសេសធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលជាលក្ខខណ្ឌតែមួយ សម្រាប់ការថែទាំព្យាបាលជំងឺកាមរោគដើម្បីទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាល (មសស)នេះ។ សូមក្មួយៗចងចាំថាសុខភាពរបស់ក្មួយៗគឺមានសារសំខាន់បំផុត ហើយសេវាកម្មនានាទាំងការបង្ការ ការថែទាំព្យាបាល និងគាំពារសង្គមទាំងអស់ធ្វើឡើងដើម្បីសុខុមាលភាពរបស់ក្មួយៗ។ សូមក្មួយៗត្រូវតែខិតខំខ្លួនឯងផងដែរ ជួយផ្សព្វផ្សាយបន្តដល់មិត្តភក្តិឱ្យបានដឹងអំពីអត្ថប្រយោជន៍បណ្ណមូលនិធិសមធម៌សុខាភិបាល(ម.ស.ស)សម្រាប់ប្រជាជនគន្លឹះ។ យើងទាំងអស់គ្នា រួមគ្នាកសាងខេត្តកំពង់ធំ ដែលគ្រប់គ្នាទទួលបានសេវាបង្ការ រាប់ទាំងស្រោមអនាម័យ និងការគាំពារសង្គម ដើម្បីរួមចំណែកបញ្ចប់មេរោគអេដស៍ការថែទាំព្យាបាល កសាងសុខភាពខ្លួនឯង ឆ្ពោះទៅកាន់វិបុលភាពទាំងអស់គ្នា។ អត្ថបទលោក ធូ កែវមុន្នី






































