មន្ត្រីអប់រំខេត្តកំពង់ធំ៖ ការកសាងមូលធនមនុស្សគឺយើងត្រូវចូលរួមទាំងអស់គ្នាទើបទទួលបានភាពរីកចំរើន

0

កំពង់ធំ៖ លោក អ៊ិត វុឌ្ឍី អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំបានថ្លែងថាការកសាងមូលធនមនុស្សគឺយើងត្រូវចូលរួមទាំងអស់គ្នាទើបទទួលបានភាពរីកចំរើន ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ និងប្រគល់វិញ្ញាបនបទបញ្ចប់ការសិក្សាគ្រប់កម្រិត ប័ណ្ណសរសើរនិងរង្វាន់ដល់សិស្សពូកែចំណាត់ថ្នាក់លេខ១-៣ ប្រចាំឆ្នាំ ២០២៤-២០២៥ របស់សាលារៀនអារីហ្សូនសាខាខេត្តកំពង់ធំ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ លោក អ៊ិត វុឌ្ឍី បានលើកឡើងថា វិស័យអប់រំបានយកចិត្តទុកដាក់និងលើកទឹកចិត្តដល់ការបំពេញការងាររបស់បុគ្គលិកអប់រំ ការពង្រឹងបច្ចេទេស គរុកោសល្យ និងការធ្វើវិក្រឹត្យការគ្រូបង្រៀនជាពិសេសផ្តោតលើកម្មវិធីបង្រៀន និងរៀនដោយពង្រីកការប្រើប្រាស់ប្រព័ន្ធឌីជីថលតាមការរីកចម្រើនបច្ចេកវិទ្យា ការផ្លាស់ប្តូរបទពិសោធន៍ទាំងក្នុងតំបន់និងក្រៅតំបន់និងការជួយអន្តរាគមន៍ទាន់ពេលវេលានិងគ្រប់រូបភាព ទាំងពង្រឹងការងារពិនិត្យតាមដាន និងវាយតម្លៃការងារនៅគ្រប់លំដាប់ថ្នាក់កក្រោមការដឹកនាំរបស់រជារដ្ឋាភិបាលអណត្តិទី៧។

លោកបន្តថា ដើម្បីទទួលបានការអប់រំល្អត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស អាជ្ញាធរដែនដី សហគមន៍ លោកគ្រូ អ្នកគ្រូ មាតា បិតា ឬអ្នកអាណាព្យាបាលសិស្ស និងសិស្សក្នុងការបង្កើតបរិស្ថានរៀនសូត្រ ក្លឹបសិក្សា ឱ្យប្រកបដោយសុខមាភាពទាំងផ្លូវកាយនិងផ្លូវចិត្តពោលគឺបន្សាំខ្លួនទៅនឹងបរិបទថ្មី។

លោក អ៊ិត វុឌ្ឍី បានកោតសរសើរដល់សិស្សានុសិស្សដែលបានខិតខំតស៊ូរៀនសូត្ររហូតថ្ងៃនេះ បានទទួលផ្លែផ្កាដ៏ល្អហើយជឿថាសិស្សានុសិស្សទាំងអស់នឹងយកចំណេះវិជ្ជាទាំងនេះបន្តការសិក្សារបស់ខ្លួន ដើម្បីជាចំណេះដឹងក្នុងការប្រកបការងារថ្ងៃខាងមុខ ពេលយើងមានធនធានមនុស្សគ្រប់គ្រាន់ប្រទេសយើងក៏នឹងធ្វើការអភិវឌ្ឍបានកាន់តែលឿនផងដែរ។

ជាមួយគ្នានោះដែរ លោកស្រី លឹម គន្ធា នាយិកាសាលារៀនអារីហ្សូនសាខាខេត្តកំពង់ធំ បានឲ្យដឹងថា ឆ្នាំ២០២៥-២០២៦ មានសិស្សសរុប ១០៥៣នាក់ ស្មើនិង៤៩ថ្នាក់ ក្នុងនោះថ្នាក់ចំណេះដឹងទូទៅភាសាខ្មែរពីថ្នាក់មត្តេយ្យដល់ទី១២ សិស្ស SC និងសិស្ស ELP & CLP ។

លោកស្រីបន្តថា ក្នុងនាមជាគណៈគ្រប់គ្រងខាសាខេត្តកំពង់ធំ និងសហការីប្តេជ្ញាចិត្តប្រឹងប្រែងទ្វេរដងអោយយល់ពីសមត្ថភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអប់រំឲ្យកូនៗសិស្សានុសិស្សឲ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ដែលជាសរសរទ្រូងប្រទេសជាតិដ៌រឹងមាំ និងធ្វើឲ្យលោកលោកស្រីមាតាបិតាសិស្សកាន់តែមានទំនុកចិត្តដោយឆ្នាំសិក្សាថ្មីនេះសម្រាប់សិស្សទី១២ អោយបាន។ អ្វីដែលមាតាបិតាសិស្សចូលរួមមិនមែនតែថ្ងៃទទួលសញ្ញាបត្រ នោះទេ តែត្រូវចូលរួមគ្រប់សកម្មភាពរបស់សាលា ដូចជាភាពសហការខ្ពស់រាល់ទំនាក់ទំនងរបស់សាលាកម្មវិធីជំនួបអាណាព្យាបាល ការតាមដាន និងពិនិត្យមើលការសិក្សានៅផ្ទះ ដើម្បីដឹងពី ឥរិយាបថ អាកប្បកិរិយា និងការសិក្សារបស់កូនៗបានទាន់ពេល។

លោកស្រីបន្ថែមថា សម្រាប់ទិសដៅឆ្នាំសិក្សាថ្មីនេះសាលារៀនអារីហ្សូនសាខាខេត្តកំពង់ធំនឹងបន្តរពង្រឹងនូវអភិបាលកិច្ច សាលារៀនល្អគឺគោរពឲ្យបាននូវគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា គឺការគ្រប់គ្រងល្អ ការបង្រៀនល្អ និងការរៀនល្អដែលសិស្សានុសិស្សទាំងអស់ទទួលបាននូវចំណេះសម្បទា បំនិនសម្បទា និងចរិយាសម្បទា ស្របតាមសម័យកាលឌីជីថលឧស្សាហកម្មសតវត្សទី២១ រៀបចំនូវ Steam សម្រាប់សិស្សានុសិស្សដើម្បីឲ្យពួកគេអនុវត្ត ដែលស្របតាមទ្រឹស្ដីបានពោលថា «ទ្រឹស្តីផ្សាភ្ជាប់ទៅនិងការអនុវត្ត»។

សូមបញ្ចាក់ថា សាលារៀនអារីហ្សូនសាខាខេត្តកំពង់ធំបានរៀបចំពិធីបើកបវេសន កាលឆ្នាំសិក្សាថ្មី ឆ្នាំសិក្សា២០២៤-២០២៥ និងប្រគល់វិញ្ញបនបត្របញ្ចាក់ការសិក្សាកម្រឹតថ្នាក់មត្តេយ្យ ទី៦ ទី៩ ទី១២បណ្ណ័សសើរ និងរង្វាន់សិស្សឆ្នើម សិស្សពូកែចំណាត់ថ្នាក់លេខ(១-៣) ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ ផងដែរ។ អត្ថបទដោយ សូរហ៊ាន សំអាង