ក្រុមប្រឹក្សាខេត្តប៉ៃលិន បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​រដ្ឋបាលខេត្តប៉ៃលិន ដែលបានខិតខំ​ធ្វើ​ការដោះ​ស្រាយនូវ​រាល់​បញ្ហា​នានា ជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោល​នយោបាយភូមិ/ឃុំ​មានសុវត្តិភាព នៅតាម​មូលដ្ឋានប្រកប​ដោយ​​ប្រសិទ្ធិភាពខ្ពស់

0

ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ច​ប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព​ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី​១៥ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤ ២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ​ប្រចាំ​ខែសីហា ឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តប៉ៃលិន ៣. បញ្ហាផ្សេងៗ។

ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវបណ្ឌិត​ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/​ស្រុក ត្រូវមើលឡើង​វិញ​នូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបាន​ទាន់​ពេលវេលា ដោយ​មិន​ត្រូវ​រើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតប​ទៅ​នឹងតម្រូវ​ការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការកាត់បន្ថយភាពក្រីក្រ ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង​ប្រដាប់​អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានសហការគ្នាធ្វើការងារ តាមតួរនាទី​ភារៈកិច្ចប្រកបដោយការទទួល​ខុសត្រូវ​ខ្ពស់ ជាពិសេស​បាន​ចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការ​បម្រើសេវាសាធារណៈនានាបាន​ល្អ​ប្រសើ និងបាន​កសាង​​សមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែល​ជា​​ការ​រួមចំណែកឲ្យខេត្តប៉ៃលិន​យើង មានភាពរីក​ចម្រើន ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែង​ធ្វើ​ការដោះ​ស្រាយនូវ​រាល់​បញ្ហា​នានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោល​នយោបាយភូមិ/ឃុំ​មានសុវត្តិភាព នៅតាម​មូលដ្ឋានប្រកប​ដោយ​​ប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្ត​បន្ទាប់​គួរជាទីមោទន ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត ​មាន​ការស្ងើច​សសើរ​មិន​ដាច់ពីមាត់ ចំពោះការ​កែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ជាពិសេស បានជួយសម្របសម្រួល ដោះស្រាយបញ្ហាជូនប្រជាពលករ ដែលវិញត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ និង បានស្វះស្វែងទំនាក់ទំនងជាមួយក្រុមហ៊ុនរកការងារជូនបងប្អូនពលករទាំងនោះផងដែរ ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និង​សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយក​ចិត្ត​ទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើ​សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់​រហ័ស​​​ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាល​ទី១ របស់រាជរដ្ឋាភិបាល​អាណត្តិទី៧ នេះ ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន