រដ្ឋបាលខេត្តសៀមរាប បានចូលរួមប្រជាពុទ្ធស័ទ កាន់បិណ្ឌវេនទីមួយនៅវត្តព្រះព្រហ្មរត័្ន និង វត្តកេសរារាម

0

សៀមរាប៖ ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា តែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ ។ ពិធីបុណ្យធ្វើទៅតាមទំនៀមប្រពៃណីពីដូនតាតរៀងមក ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា និងជាពិធីដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅ ។ និយាយដោយឡែក នៅថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ បានអញ្ជើញចូលរួមជាមួយប្រជាពុទ្ធបរិស័ទកាន់បិណ្ឌវេនទី១ ព្រមទាំងបាននាំយកនូវទ័័យ្យទាន ជាគ្រឿងឧបភោគ បរិភោគមួយចំនួន វេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តព្រះព្រហ្មរត្ន័័ និង វត្តកេសរារាម ស្ថិតនៅសង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។
ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ ដែលអ្នកកាន់ ព្រះពុទ្ធសាសនាគោរពប្រតិបត្តិតាំងពីដូនតារៀងមក ។ ជាមួយគ្នានេះ ពិធីបុណ្យកាន់បិណ្ឌនេះពុទ្ធបរិស័ទ ពុទ្ធសាសនិក ខ្មែរយើង បានប្រារព្ធធ្វើឡើង ដែលបងប្អូនជាមន្ត្រីរាជការ ពុទ្ធបរិស័ទជិតឆ្ងាយ បានមកជួបជុំគ្នានាំយកចង្ហាន់ ចំណីអាហារ ទៀនធូប បច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានា ។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកឡើងពីសកម្មភាពនិងសភាពការណ៍ពីជំលោះនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា ថៃ ជូនដល់ បងប្អូនប្រជាពុទ្ធបរិសទ ព្រមទាំងបានធ្វើថ្លែងអំណរគុណចំពោះព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃគ្រប់វត្ត និងសប្បុរសជនជាតិ អន្តរជាតិ និង រួមសហការជាមួយអាជ្ញាធរ ក្នុងស្មារតីសាមគ្គីជាតិ សំខាន់ព្រះសង្ឃបានដោះស្រាយគ្រប់តម្រូវការរបស់បងប្អូនជនភៀសសឹក គ្រួសារកងទ័ព មកពីតំបន់រងគ្រោះ មកស្នាក់នៅទីកន្លែងសុវត្ថិភាព តាមវត្តអារាម សាលារៀន និង ផ្គត់ផ្គង់ស្បៀងអាហារជាដើម ។ ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ននេះបងប្អូនជនភៀសសឹកមួយចំនួន បានវិលទៅកាន់លំនៅរបស់ខ្លួន ហើយបងប្អូនមួយចំនួនកំពុងស្នាក់នៅជំរុំសុវត្ថិភាព ដោយពួកគាត់មានលំនៅដ្ឋានស្ថិតក្នុងតំបន់ដែលងាយរងគ្រោះបំផុត ហើយត្រូវអាជ្ញាធរខេត្តយើង ធ្វើការគ្រប់គ្រងបន្ត ក្នុងការផ្គត់ផ្គង់ ថែទាំសុខភាព អនាម័យជូនពួកគាត់បន្តទៀត ។ ឯកឧត្តមបានបន្តទៀតថា ចំពោះមុខអាជ្ញាធរខេត្ត ធ្វើការរៀបចំដាក់បំពូលភ្លើងសូឡា បំភ្លឺតាមដងផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ធំ ទៅដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័័យផងដែរ ។
នៅក្នុងឱកាសពិធីកាន់បិណ្ឌនោះដែរ ឯកឧត្តមអភិបាលខេត្ត មន្រ្ដីរាជការ និង ក្រុមការងារទាំងអស់ ក៏បានរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ព្រមទាំងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល វរៈកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា និង ជនរងគ្រោះដោយភាពអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ សូមមកទទួលយកមគ្គផលដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឲ្យអំណាចនៃអានិសង្ឃនេះ ជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខ ក្នុងឋានសុគតិភពកុំបីខានឡើយ។
ទ័យ្យទានវេរប្រគេនព្រះសង្ឃវត្តទាំងពី ក្នុងមួយវត្តមានគ្រឿងឧបភោគបរិភោគចំនួន១៣មុខ និង បច្ច័យរបស់រដ្ឋបាលខេត្ត និង ពុទ្ធបរិស័ទប្រគេនវត្តព្រះព្រហ្មរ័័ត្ន ចំនួន២លាន ៩សែនរៀល ,ចំពោះវត្តកេសរារាម ឯកឧត្តមអភិបាលខេត្ត និងពុទ្ធបរិស័ទ បានប្រគេនបច្ច័យ ចំនួន ៥លាន១សែនរៀល ព្រមទាំងចែកជូនសីលវ័ន្តសីលវន្តី ម្នាក់ៗក្រណាត់ស ១ដុំ បច្ច័យ ១ម៉ឺនរៀលផងដែរ ៕