ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី សង្កាត់ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ
ព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ ដោយសារសង្គ្រាម និងគ្រួសារអតីតយុទ្ធជនពលី ចំនួន ៥គ្រួសារ ដែលមានអាជីវភាពលំបាកខ្វះខាត កំពុងរស់នៅក្នុងសង្កាត់អា ចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាល លោកទាំងទ្វេ តែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅ របស់បងប្អូន អុំ ពូ មីងអតីតយុទ្ធជន និងក្រុមគ្រួសារ ហើយជាមួយនោះដែរ សម្ដេចនិងលោកជំទាវ បានសូមជូនពរដល់ក្រុមគ្រួសារអតីតយុទ្ធជនយេីងទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងមានសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗក្រុមគ្រួសារកុំបីឃ្លៀងឃ្លាត ឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានជម្រាបជូនក្រុមគ្រួសារអតីតយុទ្ធជន អំពីស្ថានការណ៍ទូទៅនៅតាមព្រំដែនកម្ពុជា. ថៃ ដែលកន្លងមករងការឈ្លានពានពីពួកទាហានសៀម ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ អាយុជីវិត ហេដ្ឋារចនាសម្ព័ន្ធ និងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ តែវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជន នៃកងយោធពលខេមរភូមិន្ទរបស់យើង បានពលីជីវិត លះបង់សាច់ស្រស់ ឈាមស្រស់ ការពារជាតិ ការពារបូរណភាពទឹកដី និងបានឈរជើងយ៉ាងរឹងមាំ ក្នុងការការពារមាតុភូមិកម្ពុជាយើង ។ ហើយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ក្នុងការដឹកនាំយុទ្ធសាស្ត្រសង្គ្រាម ព្រមទាំងការងារនយោបាយ ការទូត នៅលើឆាកអន្តរជាតិ និងបន្តអនុវត្តវិធានការច្បាប់ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដើម្បីសន្តិភាពយុអង្វែងសម្រាប់ប្រជាជនកម្ពុជា ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោមស៊ុន ក៏បានប្រគល់ជូននូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនក្រុមគ្រួសារតីតយុទ្ធជនចំនួន ៥គ្រួសារ ដោយក្នុង០១គ្រួសារទទួលបាននូវ អង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន០១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន០២ យួរ និងត្រីខកំប៉ុងចំនួន០១យួរផងដែរ។






































