កំពង់ធំ៖ មន្ទីរសុខាភិបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តក្រោមអធិបតី ឯកឧត្តម អ៊ុង វទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារលុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្ត នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលរងក្រុង ស្រុក និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំងបី។
ឆ្លៀតឱកាសនេះ ឯកឧត្តម អ៊ុង វទ្ធី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិ ដើម្បីលុបបំបាត់ជំងឺគ្រុន ចាញ់នៅកម្ពុជា ឱ្យបាននៅត្រឹមឆ្នាំ២០២៥ តាមរយៈការសហការពីក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។ ក្នុងការអនុវត្តវិធានការនានាដូចជា ការផ្តល់មុងជ្រលក់ថ្នាំ ការធ្វើតេស្តរហ័ស និងព្យាបាលភ្លាមៗ ជាពិសេសនៅតំបន់ដែលមានហានិភ័យខ្ពស់។
ឯកឧត្តម បន្តថា ការលុបបំបាត់ជំងឺគ្រុនចាញ់មិនអាចសម្រេចទៅបានដោយគ្រាន់តែជាការនិយាយដោយថ្នាក់ដឹកនាំខេត្តក្រសួង ឬមន្ត្រីសុខាភិបាលនោះឡើយ ប៉ុន្តែដើម្បីអាចសម្រេចបាននូវការលុបបំបាត់ទាំងស្រុងនូវជំងឺគ្រុនចាញ់ គឹត្រូវមានការចូលរួមទាំងអស់គ្នា ហើយស្តាប់ការណែនាំ និងអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានរបស់យើងលើការបង្ការ និងកាត់ផ្តាច់ឲ្យខានតែបានជំងឹគ្រុនចាញ់ ជាពិសេសការជំរុញឱ្យមានការបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្តភូមិ ដើម្បីបង្កើនការយល់ដឹង និងការចូលរួមរបស់សហគមន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់នេះ។
ជាចុងក្រោយក្នុងនាម ឯកឧត្តម ជាប្រធានក្រុមការងារលុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្ត សំណូមពរដល់អង្គភាពពាក់ព័ន្ធ ជាពិសេសមន្ទីរសុខាភិបាលខេត្ត ត្រូវកំណត់នូវបញ្ហាប្រឈម និងឧបសគ្គសំខាន់ៗ ការងារគ្រុនចាញ់ និងពិភាក្សា រកដំណោះស្រាយបញ្ហា ព្រមទាំងលើកទិសដៅ យុទ្ធសាស្ត្របន្តកម្រិតថ្នាក់ខេត្ត ស្រុកប្រតិបត្តិ និងប្តេជ្ញាចិត្តលុបបំបាត់ជំងឺគ្រុនចាញ់ ឱ្យបានជាស្ថាពរ ស្របតាមផែនការយុទ្ធសាស្ត្រជាតិ។ អត្ថបទដោយ សូរហ៊ាន សំអាង





































