ឧត្តមសេនីយ៍ទោ សោម ស៊ុន រាយការណ៍ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពីលទ្ធផលនៃការ ការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ នៅសាលប្រជុំសាលាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា និងដាក់ចេញនៅទិសដៅអនុវត្តបន្ត ដែលកិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី ក្រុង ស្រុក ទាំង៩ និងស្ថាប័នពាក់ព័ន្ធមួយចំនួនបានចូលរួមផងដែរ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។

ឧត្តមសេនីយ៍ត្រី ពេជ្រ ថាល់ ប្រធានក្រុមលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឡើងរាយការណ៍អំពីសកម្មភាពការងារ និងលទ្ធផលសម្រេចបាន ក្នុងរយៈពេលមួយខែសីហាឆ្នាំ២០២៥​កន្លងទៅ និងបានគូសបញ្ជាក់អំពីសកម្មភាពការងារមួយចំនួនទៀត ដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំសម្រេចបាន​ ពិសេស​ការងារ​រក្សា​សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​ការ​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ នៅ​ក្នុង​ខេត្ត​កំពង់ធំ​ ទទួល​បាន​លទ្ធផល​ល្អ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានឡើងធ្វើបទអន្តរាគមន៍ អំពីលទ្ធផលសកម្មភាពការងារ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំសម្រេចបាន ។ ក្នុងនោះបានគូសបញ្ជាក់អំពីលទ្ធផលនៃការ​ ការពារ​ ទប់ស្កាត់ និងបង្ក្រាប ការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិ គឺបានទប់ស្កាត់បានស្ទើរទាំងស្រុង ។ ដោយក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ កងកម្លាំងចម្រុះបានរកឃើញផ្ទៃដីដែលជនល្មើសលួចកាប់ទន្ទ្រាន នាពេល​កន្លង​ទៅ​ ហើយបានដកហូតយកមកគ្រប់គ្រងជាសម្បត្តិរដ្ឋបានជាង ៤,០០០ហិតា ។ ជាមួយនោះដែរ កងកម្លំាង​នៃបញ្ជាការ​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ បានដាំស្ដារព្រៃឈើឡើងវិញ បានចំនួនជាង ៥៣,០០០ដើមផងដែរ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់អំពីលទ្ធផលនៃការបង្ក្រាបទល្មើសនេសាទ ក្នុងរយៈពេល ៨ខែកន្លងមក ដែល​កងកម្លាំងចម្រុះ បានកាប់បំផ្លាញរបាំងស្បៃអួន និងរបាំស្បៃមុង ដែលជាឧបករណ៍នេសាទល្មើសច្បាប់ បានចំនួនជាង ១៩០គីឡូម៉ែត្រ​ ​និង​បាន​ចាក់លែងកូនលៀសដែលជនល្មេីស​លួច​នេសាទ​ខុស​ច្បាប់​ ប្រមាណជាង ១៥តោន ចូលទៅក្នុងបឹងទន្លេសាបវិញ ។ ក្រៅ​ពី​នោះ​ទៀត​ បាន​រឹបអូសបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនទៀតផងដែរ ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលកន្លងមកនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលជាអនុប្រធានអចិន្ត្រៃយ៍ បានខិតខំប្រឹងប្រែងដឹកនាំបំពេញភារកិច្ចនេះទទួលបានជោគជ័យគួរជាទីមោទនៈ។

ឯកឧត្តម នួន ផារ័ត្ន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនបន្ថែមទៀតជូនដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាព និងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព ព្រមទាំងការសម្របសម្រួលរកការងារជូនពលករចំណាត់ស្រុក ដែលវិលត្រឡប់មកពីប្រទេសថៃវិញ ឱ្យបងប្អូនមានការងារធ្វើ និងទទួលបានប្រាក់កម្រៃសមរម្យសម្រាប់ចិញ្ចឹមជីវិត រួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕