ខេត្តព្រះវិហារ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ រួមមាន៖ អង្ករ ទឹកបរិសុទ្ធ តង់កៅស៊ូ គ្រឿងឧបភោគ បរិភោគ សម្ភារបរិក្ខាប្រើប្រាស់ចាំបាច់ផ្សេងៗ រួមទាំងថវិកាមួយចំនួន មកចែកជូនប្រជាពលរដ្ឋភៀសសឹក ដែលបានគេចចេញពីការធ្វើសឹកសង្គ្រាមឈានពាន ពីសំណាក់ទាហានថៃ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានថ្លែងថា វត្តមានរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ ក្តីស្រឡាញ់ ក្តីអាណិតអាសូរ និងគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាលំបាក ជាពិសេស គឺស្ថិតក្នុងកាលៈទេសៈដែលកំពុងប្រឈមនឹងការឈ្លានពាន ដោយកម្លាំងប្រដាប់អាវុធសៀម រំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។
រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើមទាំងអស់ក្នុងគ្រានោះផងដែរ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ទៀតថា សម្តេចទាំងទ្វេតែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក ក៏ដូចជាគ្រួសារកងទ័ព និងវិរៈយុទ្ធជនគ្រប់រូប ដែលបានបំពេញភារកិច្ច ដើម្បីការពារបូរណភាពទឹកដី។ ឯកឧត្តម បានបញ្ជាក់ថា គ្រប់ការលះបង់សាច់ស្រស់ ឈាមស្រស់ទាំងអស់របស់វីរៈយុទ្ធជន ត្រូវបានថ្នាក់ដឹកនាំជាតិ ចងចាំ និងដឹងគុណជានិច្ច ហើយក្រុមគ្រួសាររបស់វីរៈយុទ្ធជន នឹងមិនត្រូវបានបំភ្លេចចោលនោះឡើយ។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះសួរសុខទុក្ខ និងការនាំយកអំណោយ ចែកជូនដល់អង្គភាពវរនគរបាលការពារព្រំដែនគោក និងជនភៀសសឹក នៅក្នុងខេត្តពីរទៀត គឺខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ផងដែរ។
អំណោយទាំងនោះ ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ សម្រាប់បន្តនាំយកទៅចែកជូនដល់ វរនគរបាលការពារព្រំដែនគោក និងប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលបានភៀសខ្លួនពីតំបន់ព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ រីឯការផ្តល់អំណោយទាំងនេះ បានធ្វើឡើងនៅសាលាខេត្តសៀមរាប៕ដោយ៖ឡុង សំបូរ









































