ខេត្តក្រចេះ៖ ថ្ងៃនេះ ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ ត្រូវបានអាជ្ញាធរខេត្តបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើរធ្វើបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា មានតាំងពីយូរលង់ណាស់មកហើយ។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ បានបើកឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៨កញ្ញា រហូតដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងរយៈពេល ២១ថ្ងៃ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនា កំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ។
ការបញ្ជាក់របស់លោករដ្ឋលេខាធិការ ក្នុងឱកាសដែលលោកបានអញ្ជើញពិនិត្យ និងបើកដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន ក្រោមវត្តមានចូលរួមពីលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ា ថន អភិបាលខេត្តក្រចេះ តំណាងក្រុមហ៊ុនសាងសង់ និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត នៅថ្ងៃទី៨កញ្ញា២០២៥នេះ។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន មានប្រសាសន៍បន្តថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងចាប់ផ្តើមបើកឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ចាប់ពីព្រឹកថ្ងៃនេះតទៅរហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ក៏ដូចជា បងប្អូននៅតាមបណ្តាខេត្តនានា ដែលធ្វើដំណើរឆ្លងកាត់ខេត្តក្រចេះ អាចធ្វើដំណើរឆ្លងកាត់តាមស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នៅក្នុងរយៈពេល ២៨ថ្ងៃនេះ នាកំឡុងនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។
លោករដ្ឋលេខាធិការបញ្ជាក់ថា ការបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ន ចំពោះមធ្យោបាយធ្វើដំណើរ ដូចជា៖ ថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ចាប់ពី១២កៅអីចុះ ក្នុងរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសនៃពិធីបុណ្យ កាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។
ស្របពេលជាមួយគ្នានោះ លោករដ្ឋលេខាធិការ បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ អ្នកបើកបរ ក៏ដូចជាអ្នកដឹកជញ្ជូន សូមឱ្យបន្តគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរហួសល្បឿនកំណត់ និងកុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ មានការចូលរួមពីប្រជាពលរដ្ឋអ្នកប្រើប្រាស់ ផ្លូវ-ស្ពាន និងអ្នកធ្វើដំណើរទាំងអស់គ្នា ដើម្បីកាត់បន្ថយបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាបាននូវគុណភាពផ្លូវ-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕ដោយ៖ឡុង សំបូរ







































