ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានរងរបួស បាក់ដៃខាងឆ្វេង ខណៈដែលរូបគាត់ កំពុងជិះម៉ូតូមួយគ្រឿង ហើយត្រូវរថយន្តប្រភេទដឹកដីធុនធំ បើកកៀរគ្នាជាមួយម៉ូតូរងគ្រោះ បណ្តាលឲ្យដួលចូល រថយន្ត ហើយ ត្រូវកង់ក្រោយរថយន្តកិនបាក់ដៃ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ នៅ ចំណុចមុខអតីតប៉ុស្តិ៍វិទ្យុ ស្ថិតលើកំណាត់ផ្លូវមុនីរ៉េត ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ។
សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ ជិះម៉ូតូ ម៉ាកភ្លឹស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV-2831 ធ្វើដំណើរតាមបណ្ដោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីជើងទៅត្បូង ស្របទិសជាមួយរថយន្តបង្ក លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកដី មួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3A-2287 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា ហើយបានកៀរម៉ូតូ បណ្តាលអ្នកបើកម៉ូតូដួល ចូលក្រោមរថយន្ត ក៏ត្រូវរថយន្តកិនបាក់ដៃឆ្វេងតែម្តង ។ ស្ត្រីជនរងគ្រោះឈ្មោះ ញ៉ែម ស្រ៊ី អាយុ ៥៣ឆ្នាំ ស្នាក់នៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ ។ ចំណែកអ្នកបើកបររថយន្ត បង្កឈ្មោះ ណុប ឡាយ ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ។
មហាជនមានចម្ងល់ថា តើរថយន្តធុនធំ ប្រភេទដឹកដី ដឹកថ្មនេះ តើមានក្រដាស អភ័យឯកសិទ្ឋិ ចេញពីមន្ទីរសាធារណការរាជធានី ឬយ៉ាងណាទេ បានជាតែងតែឃើញ ធ្វើចរាចរណ៍ពាសពេញផ្លូវ ក្នុងរាជធានី បង្កគ្រោះថ្នាក់ចរាចរណ៍មានខ្លះរបួសធ្ងន់ និងខ្លះទៀត រហូតដល់ស្លាប់បាត់បង់ជីវិតក៏មាន បើទោះបី សាលារាជធានីភ្នំពេញ បានហាមឃាត់យ៉ាងណាក៏ដោយ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ដោយឡែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលជំនាញ យក ទៅរក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕