បណ្តាប្រទេសជាសមាជិកអង្គការនាំប្រេង ចេញ ហៅកាត់ថា OPEC បានសម្រេច រក្សាកម្រិតផលិតកម្មប្រេងនៅដដែល ទោះបីការផ្គត់ផ្គង់ប្រេងមានច្រើនដែលនាំឱ្យតម្លៃប្រេងឆៅធ្លាក់ ចុះភ្លាមៗក្នុងកម្រិតយ៉ាងទាបពុំធ្លាប់មានចាប់តាំងពីឆ្នាំ២០១០ មកក្តី ។លោកអាប់ឌុលឡាហ៍ អែលប្រាឌី
អគ្គលេខាធិការ OPEC ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា យើងបានជជែកពិភាក្សាគ្នាហើយ ទីបំផុតយើងសម្រេចរក្សាទុកកម្រិតផលិតកម្មប្រេង៣០លានធុងក្នុងមួយ ថ្ងៃឱ្យនៅដដែលសម្រាប់រយៈពេល៦ខែខាងមុខនេះ ។
ព័ត៌មាននេះ ញ៉ាំងឱ្យតម្លៃប្រេងកាតធ្លាក់ភ្លាមៗដល់កម្រិតទាបបំផុតពុំធ្លាប់ មានចាប់តាំងពីជាង៤ឆ្នាំមកហើយ ។ តម្លៃប្រេងឆៅនៅទីផ្សារក្រុងឡុងដ៍ បានធ្លាក់រហូតដល់៧៣,៨០ដុល្លារក្នុងមួយធុង ជាតម្លៃទាបបំផុតពុំធ្លាប់មានចាប់តាំងពីថ្ងៃ២៦ សីហា ឆ្នាំ២០១០ មក។ ចំណែកតម្លៃប្រេងឆៅនៅទីផ្សារអាមេរិកធ្លាក់មកនៅត្រឹម៧០,១៤ ដុល្លារក្នុងមួយធុងជាកម្រិតទាបខ្លាំងបំផុតចាប់តាំងពីថ្ងៃទី៧ មិថុនា ឆ្នាំ២០១០ មក ។
តម្លៃប្រេងដាំក្បាលចុះខ្លាំងភ្លាមៗ បែបនេះញ៉ាំងឱ្យតម្លៃប្រាក់រូប្លីធ្លាក់ចុះខ្លាំង ព្រោះប្រាក់រុស្ស៊ីនេះពឹងផ្អែកខ្លាំងលើតម្លៃប្រេងកាត ដោយរុស្ស៊ីជាប្រទេសផលិតប្រេងកាតធំទី២ លើពិភពលោកបន្ទាប់ពីអារ៉ាប៊ី សាអ៊ូឌីត ហើយពុំស្ថិតក្នុង OPEC ។ ចំណែកឯភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនប្រេងអឺរុ៉បធ្លាក់ថ្លៃពី២ ទៅ៤% ។
ពេលចេញពីប្រជុំនៅទីក្រុងវីយែន រដ្ឋមន្ត្រីក្រសួងប្រេងកាតអារ៉ាប៊ី សាអ៊ូឌីត លោកអាលីអាល់ នូអៃអុីមី ដែលប្រទេសរបស់លោកប្រឆាំងជំទាស់ចំពោះការកាត់បន្ថយផលិតកម្មប្រេង របស់ OPEC គូសបញ្ជាក់ថា OPEC បានធ្វើការសម្រេចចិត្តដ៏ល្អមួយ ។
ផ្ទុយ ទៅវិញ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោករ៉ាហ្វាអែល រ៉ាមីរេស ដែលស្នើឱ្យកាត់បន្ថយផលិតកម្មប្រេងដ៏ច្រើននោះបានចាកចេញពី កិច្ចប្រជុំក្នុងទឹកមុខមាំ ហើយបដិសេធមិនឆ្លើយសំណួររបស់បណ្តាអ្នកសារព័ត៌មាន ។
ខណៈដែល តម្លៃប្រេងឆៅធ្លាក់ចុះដល់ជាង៣០% ចាប់តាំងពីខែមិថុនាមក ដោយការផ្គត់ផ្គង់ប្រេងមានច្រើនលើសលុប ហើយសេចក្តីត្រូវការប្រេងចុះខ្សោយ បណ្តាប្រទេសជាសមាជិក OPEC ត្រូវពិចារណារវាងការកាត់បន្ថយកម្រិតផលិតកម្មដែលតំណាងឱ្យជិត១ ភាគ៣ នៃការផ្គត់ផ្គង់ប្រេងលើពិភពលោក ដែលកម្រិតនេះពុំមានការផ្លាស់ប្តូរចាប់តាំងពី៣ឆ្នាំមកហើយ ឬក៏រក្សាទុកកម្រិតផលិតកម្មដដែល ។ ក៏បុ៉ន្តែបណ្តាប្រទេសជាសមាជិក OPEC ពុំសម្រេចបានកុងសង់ស៊ុលណាមួយលើការកាត់បន្ថយកម្រិតផលិតកម្មនេះ ឡើយ ។
រដ្ឋមន្ត្រីក្រសួងប្រេងកាត អេមីរ៉ាត អារ៉ាប់រួម លោក SUHAIL AL-MAZROUEI និយាយថា ខ្ញុំគិតថា ទីផ្សារប្រេងនឹងមានស្ថេរភាពវិញ ហើយយើងស្វែងរកស្ថេរភាពទីផ្សាររយៈពេលយូរមួយ ពុំមែនវិធានការសម្រាប់រយៈពេលខ្លីនោះទេ ។
ចំណែករដ្ឋមន្ត្រី ប្រេងកាតគុយវ៉ែត លោកអាលីអាល់អូម៉ាអៀ និយាយថា ការផ្គត់ផ្គង់ប្រេងមានច្រើននៅលើទីផ្សារ ពុំមែនមកពី OPEC តែម្នាក់ឯងទេ ហើយទោះបីជា OPEC កាត់បន្ថយផលិតកម្មប្រេងរបស់ខ្លួនបន្តិច ក៏វាពុំអាចលុបបំបាត់ចំនួនប្រេងដែលលើសនៅទីផ្សារបានដែរ ។