ភ្នំពេញ ៖ រថយន្តFUSO ធុនធំមួយគ្រឿង ក្បាលរថយន្តពណ៌បៃតង បានដាច់កាឡេត្រង់ចំណុចផ្លូវបែកជា៣ ដោយសារដឹកទឹកសុទ្ធលើសទំងន់ បង្កអោយមានការកកស្ទះចរាចរជាច្រើនម៉ោង ដែលហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១២ខែមិនាឆ្នាំ២០១៤ តាម
បណ្ដោយផ្លូវមុនីរ៉េត ចំងាយ២០០ម៉ែត្រពីស្ដុបផ្សារដើមគ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា គេបានឃើញរថយន្តFUSO មួយគ្រឿងក្បាលរថយន្តពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-0788 ដឹកទឹកសុទ្ធពេញរថយន្តបានធ្វើដំណើរតាមបណ្ដោយផ្លូវ២៥១ ទិសដៅពីជើងទៅត្បូងឡើងមកផ្លូវមុនីរ៉េតឆ្ពោះទៅកាន់ស្ពានអាកាសស្ទឹងមានជ័យ ខណៈមកចំណុចកើតហេតុផ្លូវបែកជា៣ រថយន្តបំរុងបត់ស្ដាំឡើងផ្លូវមុនីរ៉េក៏បានដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច បង្កអោយមានការកកស្ទះចរាចររាប់ម៉ោង។
ទាក់ទិននិងបញ្ហាខាងលើនេះគឺបង្កមកពីរថយន្តមានសភាពចាស់ទ្រុឌទ្រោម ហើយផ្ទុកលើសទំងន់ទើបបណ្ដាលអោយជួបបញ្ហាដូចនេះ។សំណាងល្អដែលមិនបង្កអោយមានគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត។ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកជួយសំរួលចរាចរ ចំណែករថយន្តខាងលើត្រូវបានផ្ទេរទឹកសុទ្ធទៅរថយន្តផ្សេងទៀតដើម្បីស្ទូចយករថយន្តទៅជួសជុល៕