កម្លាំង​សមត្ថកិច្ច​នគរបាល រាជធានី​ភ្នំពេញ ចុះ​ទ្បោ​ម​ព័ទ្ធ​ផ្ទះ ឧកញ៉ា ថោង សារ៉ាត់​

0

​ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើការ​កោះហៅ​លោក​ឧកញ៉ា ថោង សារ៉ាត់ ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ​នឹង​ការ​ណី​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ត្រូវបាន​ឪពុកម្ដាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ ចេញមុខ​ធ្វើ​សន្និសីទកាសែត​ជំនួស ដើម្បី​លាង​កិ​ត្ដិ​យស​កូនប្រុស​របស់ខ្លួន និង​បាន​អះអាងថា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ជួន សុវណ្ណ បាន​បញ្ជា​ឱ្យ ចាប់ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ ដោយឡែក​ឯកឧត្តម ជួន សុវណ្ណ បាន​ច្រានចោល​ចំពោះ​ការលើកឡើង​របស់លោក​ស្រី កែវ សារី ដែលជា​ម្តាយ​របស់លោក​ឧកញ៉ា ថោង សារ៉ាត់ ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត ថា​លោក​បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់​
​បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​កម្លាំង​នគរបាល​ព្រហ្ម ទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការកោះហៅ​ឧកញ៉ា ថោង សារ៉ាត់ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​កន្លងមក​នោះ លោកស្រី កែវ សារី អាយុ​៥៥​ឆ្នាំ ជា​ម្ដាយ និង​លោក តាំង សុខ ហៅ​ថោង ចំរើន អាយុ ៦៥​ឆ្នាំ ជា​ឪពុក របស់​ឧកញ៉ា ថោង សារ៉ាត់ បានធ្វើ​សន្និសីទកាសែត ក្នុង​គោលបំណង​លាង​កិ​ត្ដិ​យស និង​បដិសេធថា មិន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ឃាតកម្ម​មួយ​នេះឡើយ ។ សន្និសីទកាសែត​នេះ បានធ្វើ​ឡើង​នៅ​ទី​ស្នាក់ ការ​ក្រុមហ៊ុន​របស់ខ្លួន ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់អង្រែ​ក្រោម នៅជាប់​របង​វត្ដ​អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​រសៀល ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៤ ។​
​លោកស្រី កែវ សារី និង​ប្ដី​លោក តាំង សុខ ហៅ​ថោង ចំរើន បាន​និយាយថា កូនប្រុស​របស់លោក និង​អង្គរក្ស​មិនបាន​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នោះឡើយ ហើយ​រវាង​កូនប្រុស​របស់ខ្លួន និង​ឧកញ៉ា​នោះ ក៏​មិនដែល​ស្គាល់គ្នា​នោះទេ ។ ប៉ុន្តែ​នៅពេលដែល​សមត្ថកិច្ច បានធ្វើ ការកោះហៅ​ឧកញ៉ា ថោង សារ៉ាត់ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នោះ ស្រាប់តែ​លោកស្រី កែវ សារី និង​ប្ដី​លោក តាំង សុខ ហៅ​ថោង ចំរើន បាន​បញ្ជាក់ថា ពួកគាត់​បានឱ្យ​កូនប្រុស​របស់គាត់​គេចខ្លួន​ពី​ការកោះហៅ​របស់​សមត្ថកិច្ច​ហើយ ។
​ពាក់ព័ន្ធ​ទៅនឹង​សំណុំ​រឿងនេះ លោកស្រី កែវ សារី និង​ប្ដី​លោក តាំង សុខ ហៅ​ថោង ចំរើន បាន​បញ្ជាក់ថា ពួកគាត់​នឹងដាក់​ពាក្យបណ្ដឹង​ទៅ​ព្រឹទ្ធសភា រដ្ឋសភា ស្ថាប័ន​តុលាការ ដើម្បី​ប្ដឹង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​២​ចំណុច គឺ​ទី​១ ប្ដឹង​ឯកឧត្តម ជួន សុវណ្ណ ពីបទ​បញ្ជា​ឱ្យ​ចាប់ខ្លួន​ឧកញ៉ា ថោង សារ៉ាត់ និង​អង្គរក្ស​ចំនួន ៤​នាក់ ដោយ​គ្មាន​ឯកសារ និង​ភ័​ស្ដ​តាង​គ្រប់គ្រាន់​, ទី​២ គឺ​ប្ដឹង​ឯកឧត្តម ជួន សុវណ្ណ ពីបទ​បញ្ជា​ឱ្យ​ចាប់ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ ដោយ​មិនទាន់​មានការ​ឡាយព្រះហស្ដលេខា​ពី​ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាក​ច្រក​ម្ពុ​ជា ក្នុងការ​ដកហូត​តំណែង​ជា​ឧកញ៉ា ពី​ឧកញ៉ា ថោង សារ៉ាត់ ។
​ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​របស់លោក កែវ សារី និង​ប្ដី​លោក តាំង សុខ ហៅ ថោង ចំរើន បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​នោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នង ការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ច្រានចោល​ចំពោះ​ការលើកឡើង​របស់លោក​ស្រី កែវ សារី ដែលជា​ម្តាយ​របស់លោក​ឧកញ៉ា ថោង សារ៉ាត់ ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃទី​៣ ខែធ្នូ នេះ​ថា លោកស្នងការ​បញ្ជា​ឲ្យ​ចាប់ខ្លួន​កូន​របស់គាត់​ឲ្យ​បាន កាលពី​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៤ ។ ឯកឧត្តម​ស្នងការ បាន​អះអាងថា លោក​មិនបាន​ជួប​ជាមួយ​ម្តាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ ទេ និង​មិនបាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ ឡើយ​។​
​ឯកឧត្តម ជួន សុវណ្ណ បាន​សង្កត់ធ្ងន់ថា អ្វីដែល​អ្នកស្រី កែវ សារី និយាយ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ។​
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ បាន​មានប្រសាសន៍​តាមរយៈ​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​៣ ខែធ្នូ ថា នេះ​ជា​សំដី​របស់គាត់ គាត់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សំដី​របស់គាត់​ចំពោះមុខ​ច្បាប់ ព្រោះ​សមត្ថកិច្ច​ធ្វើការ​តាមច្បាប់​របស់​សមត្ថកិច្ច ។ ហើយ​ក្នុង​រយៈពេល ២​ថ្ងៃ ដែល​កំពុងតែ​ប្រតិបត្តិការ​នេះ គឺ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ព្រះរាជអាជ្ញា​គ្រប់​វិនាទី ដែលមាន​លោក មាស ច័ន្ទ​ពិសិដ្ឋ និង​លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី ភ្នំពេញ មក​ដឹកនាំ​មន្ត្រីនគរបាល​យុត្តិធម៌ ឲ្យ​បំពេញ​កាតព្វកិច្ច​ច្បាប់​ត្រឹមត្រូវ​តាម​នីតិវិធី ។ ឯកឧត្តម ជួន សុវណ្ណ បាន​បញ្ជាក់ថា “​វា​មិនមែនជា​រឿង ដែល​ខ្ញុំ​ឯណា​មាន​សិទ្ធិ​បញ្ជា​ឲ្យ​ចាប់ ថោង សារ៉ាត់ ប៉ុន្តែ​នៅក្នុង​កិច្ចការងារ​នេះ ជន​ដែល​ពាក់ព័ន្ធ និង​សង្ស័យ ច្បាប់​អនុញ្ញាត​ឲ្យ​មានការ​ឃាត់ខ្លួន និង​អញ្ជើញ​មក​សាកសួរ​ចំពោះ​ច្បាប់ ហើយ​ពាក្យ​ថា ចាប់ខ្លួន និង​អញ្ជើញ​មក​សាកសួរ គឺ​វា​ខុសគ្នា​”​។ ឯកឧត្តម ស្នងការ​បាន​បញ្ជាក់ថា សំដី​ដែល​ម្តាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ បាន​និយាយ​នៅក្នុង​សន្និសីទ កាសែត គឺ​គាត់​ត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់ នេះ​ជា​ករណី​ដែល​គាត់​បាន​ផ្សព្វ ផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​ស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច ពីព្រោះ​សមត្ថកិច្ច​បាន​នឹង​កំពុង​បន្ត​កិច្ចការ​របស់ខ្លួន​យ៉ាងសកម្ម​ជុំវិញ​បញ្ហា​នេះ ។​
​ទាក់ទង​នឹង​ការបាញ់សម្លាប់​លោក​ឧក​ញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​នឹង​ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន មាន​ជនសង្ស័យ​ចំនួន ៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន យកទៅ​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង ៤​នាក់ មានដូចជា​៖ ទី​១.​ឈ្មោះ មាស សម្បត្តិ​, ទី​២.​ឈ្មោះ សៀម វាសនា​, ទី​៣.​ឈ្មោះ គយ ចាន់​ថ​ល និង​ទី​៤.​ឈ្មោះ លី សៅ ។​
​បើតាម​ការ​ឱ្យដឹងពី​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជួន ណា​រិន្ទ បាន​ថ្លែងថា កាលពី​យប់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៤ កម្លាំង​សមត្ថកិច្ច​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​សាលា ដំបូង​រាជធានី​ភ្នំពេញ ចំនួន ៨​នាក់ បាន​ឡោមព័ទ្ធ​តាម​ចាប់​លោក​ឧកញ៉ា ថោង សារ៉ាត់ ភូមិគ្រឹះ​ក្នុង បុរី​៩៩៩ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម និង​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ។ ក្នុង​គ្រា​ដែល សមត្ថកិច្ច បាន​ឡោមព័ទ្ធ និង​ឆែកឆេរ​ភូមិគ្រឹះ​របស់លោក​ឧកញ៉ា ថោង សារ៉ាត់ សមត្ដ​កិច្ច​ដកហូត​បាន​កាំភ្លើង ចំនួន ៧​ដើម ហើយ​នៅវេលា​ម៉ោង ១០ និង ២៥​នាទី​យប់​ថ្ងៃទី​៣ ខែធ្នូ សមត្ថកិច្ច បាន ធ្វើការ​ឃាត់ ខ្លួន​ភរិយា ម្ដាយ ឪពុក ឈ្នួល និង​អង្គ​ផ្សេងៗ​របស់លោក​ឧកញ៉ា ថោង សារ៉ាត់ ដើម្បី​សួរនាំ រហូតដល់ ម៉ោង ១២​យប់ សមត្ថកិច្ច​បានបញ្ចប់​ប្រតិបត្តិការ ដោយបាន​នាំខ្លួន​មនុស្ស​សរុប ចំនួន ១២​នាក់ ស្ថិត នៅក្នុង​ភូមិគ្រឹះ​របស់លោក​ឧកញ៉ា ថោង សារ៉ាត់ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី សាកសួរ​បន្តទៀត ចំណែកឯ​គេហដ្ឋាន​ត្រូវបាន​ព្រះរាជអាជ្ញា និង​សមត្ថកិច្ច ធ្វើការ​ឃ្លុមបេ​ទុក ដើម្បី ធ្វើការ​ស្រាវជ្រាវ​ជា​បន្តទៀត ។​
​ជាការ​កត់សម្គាល់ ប្រតិបត្តិការ​តាម​ចាប់ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ ដែល​ជាប់​សង្ស័យ ជា​មេក្លោង​នៅ​ពីក្រោយ​ឃាតកម្ម​បាញ់សម្លាប់​លោក​ឧក​ញ៉ា អ៊ឹង ម៉េង​ជឺ បានធ្វើ​ឡើង​ភ្លាមៗ ពោល គឺ​រយៈពេល​ប្រហែលជា ២-៣​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ឪពុក​-​ម្តាយ របស់លោក​ឧកញ៉ា ថោង សារ៉ាត់ បាន​ហៅ​អ្នកព័ត៌មាន​ជាច្រើន​ស្ថាប័ន ទៅធ្វើ​សន្និសីទ​ព័ត៌មាន លាង​សម្អាត​កេរ្តិ៍ឈ្មោះ​លោក​ឧកញ៉ា និង អង្គរក្ស​ថា មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម ។
​សូមបញ្ជាក់ថា លោក​ឧកញ៉ា អ៊ឹង ម៉េង ថៅកែ​ស៊ីម៉ង់​តិ៍​ពេជ្រ និង​ជា​ម្ចាស់​ហាង​ពេជ្រ​ហុងកុង ត្រូវបាន​ឃាតក​បាញ់សម្លាប់​មិន​ប្រណី​ដៃ បណ្តាល​ឲ្យ​ដេក​ដួល​ស្លាប់​ក្នុង​ថ្លុកឈាម កាលពី​វេលា​ម៉ោង ជាង ៧​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ពេល​លោក​ចុះ​ទិញ​ផ្លែឈើ​នៅ​ជិត​ស្តា​ត​អូឡាំពិក ក្នុង សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ៕