បុរស​ម្នាក់​បើករថយន្ត​កាមរី​ហាយ​ប្រ៊ិ​ត​ចេញពី​ហូប​ការ​មិត្ត​ភ័​ក្រ​ជ្រុល​បុក​គូទ​រថយន្ត​ឡិច​ស៊ី​ស ៤៧០ ពាក់​ស្លាក​លេខ​រដ្ឋ​រង​ការខូចខាត​ទាំងសងខាង​

0

​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស ៤៧០ ពាក់​ស្លាក​លេខ រដ្ឋ​27 2-0007 ចត​នៅជាប់​ចិញ្ចើម​មហាវិថី​ព្រះ​នរោត្តម ត្រូវ​បុរស ម្នាក់​ទំនង​ស្រវឹងស្រា បើកបរ​រថយន្ត​កាម​រី​ហាយ​ប្រ៊ិ​ត មួយគ្រឿង ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​យ៉ាង​ពេញទំហឹង​ចំណុច​ជិត​សាលាបឋមសិក្សា​ព្រះ​នរោត្តម សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង ២២ នឹង​៤០ នាទី យប់​ថ្ងៃទី ១២ ខែមីនា​ឆ្នាំ ២០១៤ ។ ​ ​

យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​សង្កេតឃើញ រថយន្ត ឡិច​ស៊ី​ស ៤៧០ ពាក់​ស្លាក​លេខ​រដ្ឋ​27 2-0007 ត្រូវ​ម្ចាស់​បើកបរ​យកមក​ចត​នៅ​ជា​ចិញ្ចើម​មហាវិថី​ព្រះ​នរោត្តម ត្រង់ចំណុច​កើតហេតុ ហើយ​ម្ចាស់​ដើរ​ចូលទៅ​បរិភោគ​អាហារ​ក្នុង​ភោជនីយ៍ដ្ឋាន​ធ្វើ​ព្រងើយ ។

លុះ​ចត​បាន​ប្រហែលជា​២០ នាទី ស្រាប់​តែមាន​បុរស​វ័យ​ជាង​៤០ ឆ្នាំ ម្នាក់​បើកបរ​រថយន្ត​កាមរី​ហាយ​ប្រិត​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2S 9695 មួយគ្រឿង​ធ្វើដំណើរ​យ៉ាង​លឿន តាម​មហាវិថី​ព្រះ​នរោត្តម ទិសដៅ​ពី​ត្បូង​ទៅ​ជើង​គ្មាន​ការប្រុងប្រយ័ត្ន ហើយ​ទំនង មើល​រថយន្ត​ឡិច​ស៊ី​ស ៤៧០ ចត​ស្ងៀម​មិនឃើញ ដូច្នេះ​ក៏​បណ្តាល​ឲ្យ​រថយន្ត​កាមរី​ហាយ​ប្រ៊ិ​ត ជ្រុល​ល្បឿន​ចាប់​ហ្វ្រាំង​មិនទាន់​បុក​ចំ​គូទ​រថយន្ត​ឡិច​ស៊ី​ស ៤៧០ ពេញទំហឹង​លាន់​ដូច​រន្ទះ ធ្វើ​ឲ្យ​ក្បាល​រថយន្ត​កាមរី​ហាយ​ប្រ៊ិ​ត រួញ​រង់​ការខូចខាត​ទាំងស្រុង ចំណែក​រថយន្ត​ឡិច​ស៊ី​ស​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ ។ គួរ​បញ្ជាក់ថា​ចំពោះ​ហេតុ ការណ៍​នេះ​មិន​បណ្តាល​ឲ្យ​ភាគី​ណា​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​ឡើយ ។ ​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ចុះ​សម្របសម្រួល​រវាង ភាគី ទាំង ២ ដែរ ប៉ុន្តែ​ពួកគេ​មិន​យល់ស្រប​ឡើយ ដូច្នេះ​សមត្ថកិច្ច​សម្រេច​វាស់វែង​អូស​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ។​

សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់ អត្តសញ្ញាណ​ម្ចាស​រថយន្ត​ទាំង​២​គ្រឿង​នេះ​ទេ ហើយ​គ្រោះថ្នាក់​នេះ​សមត្ថកិច្ច​បង្ហើប​ថា​បង្កឡើង​ដោយសារ រថយន្ត​ចត​នៅលើ​ចិញ្ចើមផ្លូវ​ជាពិសេស​បុរស​ម្ចាស់​រថយន្ត​កាមរី​ហាយ​ប្រ៊ិ​ត​បើក​លឿន​ពេក ៕ ​02 03