ក្បាលនាគពុះចែកទ្រូងផ្លូវចំនួន៦ផ្ទាំងបានរងការខូចខាតបែកខ្ទេចដាច់ចេញពីគ្នាដោយសារតែមានរថយន្តតូរីសមួយគ្រឿងបើកបរក្នុងល្បឿងយ៉ាងលឿងរេចង្កូតជ្រុលបុកចំពេញទំហឹងតែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់នណារម្នាក់នោះទេ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១នឹង១៥នាទីរំឡងអាធ្រាតឈានចូលថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៤ត្រង់ចំណុចក្រសួងសង្គមកិច្ចអតីតយុទ្ឋជននិងយុវនីតីសម្បទាបណ្តោយផ្លូវព្រះមុន្នីវង្សស្ថិតក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន។
យោងតាមប្រភពព៌មានពីសាក្សីនៅជិតកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តតូរីសដឹកផ្លែឈើពេញមួយគ្រឿងពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ2T-6196បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយព្រះមុន្នីវង្សទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចមុខក្រសួងសង្គមកិច្ចអតីតយុទ្ឋជននិងយុវនីតីសម្បទាស្រាប់តែរថយន្តរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងលាន់ដូចរន្ទះបណ្តាលឱ្យបែកខ្ទេចដាច់ចេញពីគ្នាចំនួន៦ផ្ទាំង។ហើយរថយន្តបានឡើងកល់ទៅលើរបាំងថ្មទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំចំណែកអ្នកបើកបររថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុនិងសហការជាមួយជំនាញអូសយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ។សូមបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយសារអ្នកបើកបររថយន្តក្នុងល្បឿនលឿនហើយប្រហែលជាងងុយដេកងក់មួយភាំងតែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់នណារម្នាក់នោះទេ៕








































