ភ្នំពេញ ៖បុរសជាកម្មកររោងចក្រម្នាក់ត្រូវបានមេធាវីប្រចាំរោងចក្រ ដាក់ពាក្យប្តឹងទៅនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅឱ្យចាប់ដាក់គុក បន្ទាប់ពីសន្តិសុខរោងចក្រឆែកឃើញបុរសរូបនេះបានលួចយកលីអូក្នុង រោងចក្រចំនួន១០ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ យប់ ថ្ងៃទី ៨ មករា ២០១៥ នៅចំណុចរោងចក្រ ហុងវ៉ា២ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសសង្ស័យមានឈ្មោះ ដួង សៀម អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ។ ចំណែកមេធាវីប្រចាំរោងចក្រ ហុង វ៉ា២មានឈ្មោះ ឈុំ ផាន់នី ភេទប្រុស អាយុ៣០ឆ្នាំ រស់ក្នុងនៅការិយាល័យ អាគារលេខ71C ផ្លូវ២០៥ ស្ថិតក្នុងសង្កាត់ទំប់ទឹក ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុនោះគឺបុរសសង្ស័យខាងលើបានឮមនុស្សម្នាក់និយាយ ប្រាប់ខ្លួនថា <<បើមានលីអូថ្មីលក់ឱ្យអញ! អញឱ្យមួយពីរពាន់រៀល >> ។ ដោយសារតែបុរសខាងលើខ្វះលុយកាក់ សម្រាប់ហូបបាយ រំពឹងលើប្រាក់ខែជាកម្មករចាយវាយមិនគ្រប់នោះក៏បានបែកគំនិត លួចយកលីអូពីក្នុងរោងចក្រដែលខ្លួនធ្វើការចំនួន១០ ដើម្បីយកទៅលក់ដោយសង្ឃឹមក្នុងចិត្តថា អាចនិងបានប្រាក់មួយមឺុនទៅពីរមឺុនរៀលដើម្បីចាយវាយទៅលើបាយទឹក ប្រចាំថ្ងៃ ។ នៅមុនពេលចេញពីធ្វើការរោងចក្របុរសសង្ស័យខាងលើបានលួចយកលីអូ ថ្មីរបស់ក្រុមហ៊ុនចំនួន១០ មកពាក់ត្រួតគ្នាដើម្បីកុំឱ្យគេសង្ស័យ រួចដើរចេញទៅផ្ទះ ។ ខណៈពេលដែលជនសង្ស័យដើរចេញទៅផ្ទះនោះសន្តិសុខបានធ្វើការត្រួត ពិនិត្យទៅឃើញថាប្លែកត្រង់ចង្កេះ ក៏បានហៅបុរសសង្ស័យចូលទៅការិយាយក្នុងរោងចក្រ ហើយបានឱ្យបុរសសង្ស័យដោះខោអាវចេញ ក៏ឃើញបុរសសង្ស័យស្លៀកលីអូត្រួតលើគ្នាដល់ទៅ១០ឯណោះ ។ រឿងនេះបានបែកធ្លាយទៅដល់តំណាងរោងចក្រ ហើយមេធាវីប្រចាំរោងចក្របានដាក់ពាក្យប្តឹងបុរសសង្ស័យម្នាក់នេះទៅ កាន់នគរបាលរដ្ឋបាលប៉ុស្តិ៍ចោមចៅឱ្យចាប់បុរសសង្ស័យខាងលើដាក់គុក ។
នៅក្នុងករណីបុរសជាកម្មកររោងចក្រលួចយកលីអូរោងចក្រចំនួន១០ ដើម្បីលក់យកលុយទិញបាយហូបនោះសមត្ថកិច្ចបានព្យាយាមសម្របសម្រួល ដោយនិយាយថារឿងប៉ុណ្ណឹងមានតែវិធីមួយមុខនឹងទេអី គឺប្តឹងឱ្យចាប់បុរសសង្ស័យឱ្យដាក់គុគ មិនមានវីធីសម្របសម្រួលអ្វីក្រៅពីនឹងដូចជាបណ្តេញចេញឈប់ឱ្យធ្វើការ ឮឱ្យសងសំណង ។ ទោះបីជាសមត្ថកិច្ចជួយសម្របសម្រួលយ៉ាងណាក៏មេធាវីតំណាងរោង ចក្រនេះនៅតែប្រកាន់ជំហថានៅតែប្តឹងឱ្យចាប់បុរសសង្ស័យដាក់គុក ។ពេលនេះសមត្ថកិច្វកំពុងតែចាត់ការរឿងនេះទៅតាមនិតិវិធីច្បាប់ហើយ ។



































