ខេត្តមណ្ឌលគីរី=បុគ្គលិកកាស៊ីណូពីរនាក់ជិះម៉ូតូឌុបគ្នា មកពីចូលរួមពិធីភ្ជាប់ពាក្យកូនគេ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់ ឯម្នាក់ទៀតរបួសធ្ងន់សង្ឃឹមរស់តិច កាលពីម៉ោងប្រមាណជា៤និង៤០នាទីល្ងាចថ្ងៃទី០៨ មករា២០១៥ ស្ថិតតាមបណ្តោយផ្លូវលំ ក្នុងឃុំ ស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រជាពលរដ្ឋបានអោយដឹងថា បុរសទាំងពីរខាងលើធ្វើដំណើរមកពី ពិធីភ្ជាប់ពាក្យគេ ក្នុងភូមិស្រែព្រះ ព្រមទាំងហូបស្រាស្រវឹងផងដែរ។ ក្រោយពេលបញ្ចប់ពិធី បុរស២នាក់ ខាងលើ បានជិះម៉ូតូឌុបគ្នា ចេញពីកន្លែងនោះក្នុងល្បឿនយ៉ាងលឿន ដោយសារស្ថានភាពផ្លូវ ក្រាលគ្រូសក្រហម និងកោងខ្លាំងនោះ ជនរងគ្រោះកាច់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុកផ្ទះមួយខ្នងយ៉ាងពេញទំហឹង បណ្តាលអោយជាប់គាំងលែងទៅមុខរួច អ្នកបើកបរបានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបូសធ្ងន់ ត្រូវគេជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
នគរបាលចរាចរណ៏នៃអធិការដ្ឋានស្រុកកែវសីមា បានអោយដឹងថា ជនរងគ្រោះដែល ជិះម៉ូតូ បុកផ្ទះខាងលើ មានឈ្មោះទី១ឈឹង អ៊ូ អាយុ២៨ឆ្នាំ មានស្រុកកំណើតខេត្តក្រចេះ ជាបុគ្គលិក កាស៊ីណូបម្រើកាងារនៅស្រុកកែវសីមា បានស្លាប់ ចំណែកទី២មានឈ្មោះកែវ រដ្ឋា អាយុ២៩ឆ្នាំ ស្រុកកំណើតនៅខេត្តក្រចេះដូចគ្នា។
សមត្ថកិច្ចបញ្ជាក់ថា ទោះជាយ៉ាងណា ម្ចាស់ផ្ទះដែលត្រូវម៉ូតូបុកខាងលើមិន មានគ្រោះថ្នាក់ អ្វីនោះទេ គ្រាន់តែរងការខូចខាត ម៉ូតូ១គ្រឿង គ្រែ១ រូមនិងសម្ភារះ ប្រើប្រាស់ខ្លះតែប៉ុណ្ណោះ៕ ហេង ថារិទ្ធ



































