នគរបាល​ខណ្ឌដង្កោ​ឃាត់​យុវជន​ម្នាក់​សួរនាំ​ករណី​បង្ក​ហឹ​ង្សា​ធ្លាយ​ចេញ​១​រឿង​ទៀត​ករណី​លួច​ទូរស័ព្ទ

0

​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់ ត្រូវបាន​នគរបាល​ខ​ណ្ឌ​ដង្កោ​ឃាត់ខ្លួន​សួរនាំ​ករណី​បង្ក​អំពើ ហឹ​ង្សា​ទៅលើ​ស្ត្រី​ម្នាក់ បណ្តាល​ឲ្យ​មាន​របួស​ក្បាល ស្រាប់តែ​ធ្លាយ​ចេញ​១​រឿង​ផ្សេងទៀត គឺ​ករណី​លួច​ទូរស័ព្ទដៃ​ចំនួន ០២​គ្រឿង​q1
​ជនសង្ស័យ​ឈ្មោះ រិ​ទ្ធ សុខ​កែវ ហៅ ទិ​ត្យ សុគា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិត ប្រាកដ មាន​ទីលំនៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សន ស្រី​ពៅ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​រើស​អេតចាយ រស់នៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។
​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៥ វេលា​ម៉ោង ២១​និង​៤០​នាទី ជនសង្ស័យ​ឈ្មោះ រិ​ទ្ធ សុខ​កែវ ហៅ ទិ​ត្យ សុគា បាន​ដើរមក​ផ្ទះ​ជនរងគ្រោះ ដើម្បី​សួរ រក​ស៊ីម​ទូរស័ព្ទ​ដែល​ឈ្មោះ ចាន់ សុផល ត្រូវជា​ប្តី​ជនរងគ្រោះ​បាន​ខ្ចី​ពី​ជនសង្ស័យ ។ ពេលនោះ​ជនរងគ្រោះ​បាន​ឆ្លើយ​ប្រាប់​ជនសង្ស័យ​ថា ប្តី​របស់គាត់​ឈ្មោះ ចាន់ សុផល មិន​នៅផ្ទះ​ទេ តែ​ជនសង្ស័យ​មិន​ព្រមស្តាប់​សំដី​ជនរងគ្រោះ​នោះទេ នៅតែ​ទារក​ស៊ី​ទូរស័ព្ទ​ពី​ប្តី​របស់​ជនរងគ្រោះ​ដដែលៗ ។
​សមត្ថកិច្ច​ប្រាប់​បន្តថា ដោយ​ឮ​បែបនេះ​ជនរងគ្រោះ​ក៏បាន​និយាយ​ទៅកាន់​ជន​រង​សង្ស័យ​ម្តង​ទៀតថា ចាំ​ថ្ងៃស្អែក​រូបគាត់​សន្យា​ទិញ​ស៊ីម​ទូរស័ព្ទ​ថ្មី​សង​វិញ គ្រាន់តែ​ប៉ុ​ណ្នឹ​ង​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង ក៏​ដោះ​ខ្សែក្រវ៉ាត់​ពី​ចង្កេះ​វាយ​ទៅលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​បែក​ចិញ្ចើម​ខាងឆ្វេង​ហូរឈាម​ពេញ​ផ្ទៃមុខ មិនតែប៉ុណ្ណោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​វាយ​កញ្ចក់​តុ​ដាក់​ទូរទស្សន៍​បណ្តាល​ឲ្យ​បែក និង​ផ្តាច់​ខ្សែ​មុង​របស់​ជនរងគ្រោះ​ចោល​ទៀត​។ គ្រាហ៍​នោះដែរ​ជនរងគ្រោះ បាន​ស្រែក​ហៅរក​សាចញាតិ​ជិតខាង​ឲ្យ​មកជួយ ពេលនោះ​ប្អូនថ្លៃ​ជនរងគ្រោះ​ក៏បាន​រត់​ចេញពីផ្ទះ​នៅក្បែរនោះ ដើម្បី​មកជួយ ស្រាប់តែ​ជនសង្ស័យ​បានឃើញ​ដូច្នេះ​ក៏​ស្រ​វ៉ា​រត់គេច​ខ្លូន​បាត់ស្រមោល​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៥ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃវែង រហូត​វេលា​ម៉ោង ១៥​និង​៣០​នាទី ថ្ងៃ​ដដែល ទើប​តាម​ស្រាវ ជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ចំណុច​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី ភ្នំពេញ​។q3
​សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា ក្រោយពី​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង​ទៅលើ ជនសង្ស័យ​ខាងលើ ក៏​ធ្លាយ​១​រឿង​ផ្សេងទៀត គឺ​ករណី​លួច​ទូរស័ព្ទដៃ​ចំនួន ០២​គ្រឿង ក្នុងនោះ​១​គ្រឿង ម៉ាក ខេ​ម​ហ្វូ​ន និង​១​គ្រឿង​ទៀត ម៉ាក សាំ​ស៊ុ​ង របស់​ជនរងគ្រោះ ឈ្មោះ សាយ សុខលី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​លក់​បន្លែ ទីលំនៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ហើយ​ជនរងគ្រោះ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ជនសង្ស័យ​ផងដែរ ។
​សមត្ថកិច្ច​បញ្ជាក់​បន្ត​ថា ជនសង្ស័យ​ក្រោយពី​ធ្វើការ​សាកសួរ​ជំ​ហ៊ាន​ដំបូង​នៅ​ប៉ុស្តិ៍​រដ្ឋ បាល​ព្រៃវែង បាន​បញ្ជូនបន្ត​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់ការ​បន្តទៀត​៕