កំពង់ឆ្នាំង៖អំពើហឹង្សាមួយ បានបណ្តាលអោយបុរសដែលជាបងជីដូនមួយរងរបួសបែកចិញ្ចើម ជាំភ្នែក និងសន្លប់ធំ ខណះដែលចូលទៅជួយប្អូនជីដូនមួយ ដែលត្រូវប្តីវាយធ្វើបាប ។អំពើហឹង្សានេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា១១និងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ នៅចំណុចភូមិព្រែកឆ្តោរ ឃុំកំពង់អូស ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។
បុរសដែលជាជនរងគ្រោះមានឈ្មោះ រស យឿន អាយុ៥៨ឆ្នាំ មានប្រពន្ធឈ្មោះ សុ សុខុម អាយុ៥៥ឆ្នាំ ចំណែកជនបង្កឈ្មោះ យុន ចន្ថា អាយុ២៩ឆ្នាំ ត្រូវជាប្អូនថ្លៃជីដូនមួយ របស់បុរសរងគ្រោះ ពួកគេរស់នៅក្នុងភូមិឃុំ ជាមួយគ្នា ។
នៅក្នុងមន្ទីពេទ្យជនរងគ្រោះបាននិយាយអោយដឹងថា៖នៅមុនពេលកើតហេតុ ជនដៃដល់បានឈ្លោះប្រកែកគ្នាជាមួយនិងប្រពន្ធរបស់ជនដៃដល់ រហូតឈានដល់ការប្រើអំពើហឹង្សារ ប្តីវាយប្រពន្ធនិងកាំភ្លើងបាញ់ខ្យល់ ពេលនោះស្ត្រីជាប្រពន្ធជនបង្កបានស្រែកហៅខ្លួនដែលជាបងជីដូនមួយនិងបងប្អូនអោយជួយ ដោយឮប្អូនស្រីស្រែកអោយជួយ ខ្លួនគាត់ដែលជាជនរងគ្រោះបានដើរទៅសួរនាំ ក៏ស្រាប់តែម្តាយជនដៃដល់បានចាប់រូបគាត់អោយជនដៃដល់ដែលជាកូនបង្កើតវ៉ៃ បណ្តាលអោយសន្លប់ បែកខាងលើចិញ្ចើមខាងស្តាំនិងជាំភ្នែកខាងស្តាំ ។
ប្រភពពីសមត្ថកិច្ចដែលបានចុះទៅដល់កន្លែងកើតហេតុបាននិយាយអោយដឹងថា៖មុននិងឈានដល់ការឈ្លោះប្រកែកគ្នារហូតមានការវាយតប់គ្នាបណ្តាលអោយរងរបួសបែបនេះ គឺពេលដែលជនបង្កឈ្លោះប្រកែកគ្នាជាមួយនិងប្រពន្ធនិងបានវ៉ៃប្រពន្ធដូច្នេះ ជនរងគ្រោះដែលជាបងប្អូនជីដូនមួយ ឃើញក៍បានកាន់ដំបងសំដៅជនបង្ក ជនបង្កបានឃើញជនរងគ្រោះកាន់ដំបងសំដៅខ្លួន ដោយភ័យខ្លាចជនរងគ្រោះវ៉ៃ ខ្លួនក៏បានស្ទុះមកវ៉ៃជនរងគ្រោះភ្លាមៗ ទើបបណ្តាលអោយជនរងគ្រោះដួលសណ្តប់នៅនិងកន្លែង។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារបងប្អូនដឹកតាមកាណូតមកធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខេត្តបង្អែកខេត្ត ដោយឡែកជនបង្កត្រូវបានសមត្ថកិច្ចនគបាលមូលដ្ឋានធ្វើការឃាត់ខ្លួនបាននិងនាំយកមកធ្វើការសាកសួរនៅប៉ុស្តិ៏រដ្ឋបាល ក្នុងនោះដែរសមត្ថកិច្ចដកហូតបានកាំភ្លើងបាញ់ខ្យល់មួយដើមផងដែរ។
បច្ចុប្បនជនបង្កត្រូវបានសមត្ថកិច្ចកសាងឯកសារ បញ្ជូនបន្តមកកាន់ស្នងការនរគបាលខេត្ត និងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធីច្បាប់។
គួបញ្ជាក់ផងដែរថា៖ករណីប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារត្រូវគេមើលឃើញថាបានកើតមានជាបន្តបន្ទាប់នៅតាមបណ្តាលមូលដ្ឋាន បើទោះជាមានការចុះផ្សព្វផ្សាយស្តីពីច្បាប់ប្រឆាំងអំពើហឹង្សារក្នុងគ្រួសារពីស្ថាប័ន នាៗមានស្នងការនរគបាលនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏អំពើហឹង្សារនៅតែកើតមានដដែល៕




































