មានការភ្ញាក់ផ្អើលទាំងកណ្តាថ្ងៃ ពីសំណាក់ប្រជាពលរដ្ឋ ខណៈគេប្រទះឃើញសាកសពបុរសម្នាក់ហើមស្អុយរលួយ ក្រោមបំនូកចំបើងកៀនកន្ទ្រប់ព្រៃ ក្រោយពីបានជិះម៉ូតូចេញបាត់ពីផ្ទះ កាលពីយប់ថ្ងៃទី៧ខែមករា ឆ្នាំ២០១៥ ។
ហេតុការណ៍ភ្ញាក់ផ្អើល ខាងលើនេះត្រូវគេប្រទះឃើញ កាលពីវេលាម៉ោង១២ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ត្រង់ចំណុចទួលប្រធាត ស្ថិតក្នុងភូមិអន្លង់ហាប ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហេង សេងលី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
តាមការរៀបរាប់ពីស្ត្រីឈ្មោះ ជា សំអឿន អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ប្តីគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ ចេញពីផ្ទះនៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ដោយប្រាប់គាត់ថា ជូនគេទៅខេត្តពោធិ៍សាត់ ហើយអ្នកឲ្យជួនទៅមានឈ្មោះ វ៉ាត នៅភូមិឃុំជាមួយគ្នា ប៉ុន្តែមនុស្សនោះធ្លាប់ទៅរកការងារធ្វើ នៅប្រទេសថៃ យូរៗ មកលេងផ្ទះម្តង ហើយក៍បាត់ខ្លួនមកដល់ពេលនេះ ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា សាកសពមានសភាពហើមស្អុយរលួយ ហើយមានស្នាមរបួស ផុងលលាដ៍ក្បាល ជុំវិញសាកសព គេរកឃើញតំបង់ឬស្សីមួយកំណាត់ និងស្បែកជើង១គូរ មូលហេតុដែលសមត្ថកិច្ច សង្ស័យថាជាករណីប្លន់សម្លាប់ ព្រោះបានបាត់ម៉ូតូ០១គ្រឿង ហើយកន្លែងនោះគ្មានផ្ទះអ្នកភូមិរស់នៅទេ គឺជាវាលស្រែ និងព្រៃរបោះស្ងាត់ ។
ជុំវិញបញ្ហាទាំងអស់នេះ សមត្ថកិច្ចកំពុងតែញាប់ដៃញាប់ជើង ដើម្បីវែកមុខសញ្ញាជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ ៕