ិ
កំពង់ឆ្នាំង៖មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកទាំងយប់ ខណះដែលពួកគេទាំង២នាក់ កំពុងអង្គុយលើម៉ូតូ ដើម្បីរង់ចាំមិត្តភក្តិចេញពីធ្វើការរោងចក្រ ក៏ត្រូវបានរថយន្តបោះ ពួយយ៉ាងលឿនមកបុកម៉ូតូទាំងកំរោល បណ្តាលអោយរងរបួសធ្ងន់ទាំង២នាក់ ។ហេតុការណ៏គ្រោះថ្នាក់នេះបាន កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្លូវចូលទៅរោងចក្រ M V ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា៖នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ អង្គុយលើម៉ូតូម៉ាកវ៉េវ ពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1c-2306 ដែលចតស្ងៀមក្បែរចិញ្ចើមផ្លូវជាតិឆ្ងាយពីទ្រូង ផ្លូវ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកកាមារី ពណ៏កណ្តុរប្រម៉ះ ពាក់ស្លាកលេខ ភ្នំពេញ 2B-7798 បើកបរដោយឈ្មោះ ឃុន អាយុប្រហែលជាជាង៣០ឆ្នាំ ជិះតែម្នាក់ឯង បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានទៅបុកនិងម៉ូតូដែលកំពុងតែចតស្ងៀមហើយមនុស្សអង្គុយលើ បណ្តាលអោយជនរងគ្រោះទាំង២នាក់ប៉ើងខ្ទាត់ពីម៉ូតូរងរបួសធ្ងន់ទាំង២នាក់ ហើយម៉ូតូកៀបជាប់នៅក្រោមរថយន្ត ធ្វើអោយរថយន្តទៅមុខលែងរួច ។ ក្រោយពេលកើតហេតុបន្តិចសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនអ្នកបើកបររថយន្ត បានភ្លាមៗជាមួយគ្នានោះដែរ ។
រថយន្តនិងម៉ូតូ ព្រមទាំងអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនាំយកទៅកាន់អធិការដ្ឋាននរគបាលក្រុងកំពង់ឆ្នាំងទាំងយប់ ដោយឡែកជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយ របស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកយកទៅសង្គ្រោះភ្លាមៗទាំងយប់ផងដែរ ។
ករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ សមត្ថកិច្ចបានអោយដឹងថា៖ គឺបណ្តាលមកពី អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ហើយករណីនេះដែរ ម្ចាស់រថយន្តនិងដោះស្រាយគ្នាជាមួយរងគ្រោះនៅពេលក្រោយ៕ សន្យា



































