ភ្នំពេញ ៖ មនុស្ស៤នាក់បានរងរបួសធ្ងន់ស្រាលបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១០ យប់ថ្ងៃទី២១ មករា ២០១៥ នៅចំណុចមុខវិទ្យាល័យជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកវ៉េវអាល់ហ្វាមួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1B-2416 ជិះគ្នាពីរនាក់បើកបរឌុបគ្នាតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវក៏បានទៅបុកគ្នាជាមួយម៉ូតួស្មាសវី មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1B0-5049 ជិះដោយបុរសពីរនាក់ បើកបរធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច(បញ្ច្រាសទិសគ្នា) ពេញទំហឹង បណ្តាលឱ្យដួលម៉ូតូបោកទៅលើថ្នល់រងរបួសធ្ងន់ស្រាល៤នាក់ ។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូបង្កទាំងពីរគ្រឿងសមត្ថកិច្ចបាននាំយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីរងចាំដោះស្រាយគ្នាតាមនិតិវិធីច្បាប់ ។






































