ស្វាយរៀង=រថយន្តទេសចរណ៍ របស់ក្រុមហ៊ុន វ៉ាង បិច បើកបុករថយន្តទូរីស ដឹកអ្នកដំណើរពីក្រោយពេញទំហឹង បើងក្រឡាប់ពីរបីត្រឡប់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលប្រុសស្រី៣នាក់ នៅលើកំណាត់ផ្លូវជាតិលេខ១ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងមនុស្សប្រុសស្រី២នាក់ 
បានរងរបួសធ្ងន់ និងក្មេងប្រុសអាយុ២ឆ្នាំ រងរបួសស្រាល ដោយសាររថយន្តទេសចរណ៍ ដឹកអ្នកដំណើរ៤៥កៅអី បុករថយន្តទូរីសពីក្រោយ បើងក្រឡាប់ពីរបីត្រឡប់ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ខាងមុខក្លោងទ្វាវត្តខ្ជាយ ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។
សមត្ថកិច្ចនគបាល ក្រុងស្វាយរៀង បានអោយដឹងថា ជនរងគ្រោះទី១ឈ្មោះ ដួង រ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកបររថយន្ត មានទីលំនៅភូមិកំពង់ភ្នំ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ទី២ឈ្មោះ រិ សោភា ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំកោះក្រឡ ស្រុកកោះក្រឡ ខេត្តបាត់ដំបង និងទី៣ឈ្មោះ លី យ៉ា ភេទប្រុស អាយុ២ឆ្នាំ ត្រូវជាកូន។
នគបាលក្រុងស្វាយរៀង បានបន្តទៀតថា មុនពេលកើតហេតុ មានថយន្តទូរីស១២កៅអី ពណ័ស ពាក់ស្លាកលេខ ភ្នំពេញ ២I-០០២១ បើកបរពីរទិសខាងលិចទៅកើត លុះមកដល់
ចំណុចកើតហេតុខាងលើ ក៏ឈប់អែបលើចិញ្ចើមថ្នល់ដាក់ម៉ូយចុះ បន្ទាប់មកអ្នកបើកបរបានចុះពីរថយន្ត ដើម្បីលើកអីវ៉ាន់ចុះឲ្យភ្ញៀវ ស្រាប់តែមានរថយន្តទេសចរណ៍៤៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ ៣B-៩៩៩៣ របស់ក្រុមហ៊ុន វ៉ាង ប៉ិច ដឹកអ្នកដំណើរពេញរថយន្ត បើកបរពីទិសខាងកើតទៅលិច បញ្ច្រាស់ទិសគ្នា វ៉ាជែងជាមួយរថយន្តដឹកទំនិញធុនធំ ក៏ជ្រុលចង្កូតបុករថយន្តទូរីស ដែលឈប់ដាក់ម៉ូយចតស្ងៀម ពេញទំហឹងបើងពីបីត្រឡប់ ចម្ងាយជាង៣០ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះ៣នាក់ នៅក្នុងរថយន្តទូរីស រងរបួសធ្ងន់ធ្ងរ ។
រថយន្តទូរីសខូចខាតស្ទើរទាំងស្រុង រីឯរថយន្តបង្ក ក្រុមហ៊ុន វ៉ាង បិច ខូចផ្នែកខាងមុខផ្នែកខាងឆ្វេញក្រោយពីបង្កហេតុ អ្នកបើករថយន្តទេសចរណ៍ ដាក់មេផាយបាត់ឈឹង ។ ក្រោយមកសមត្ថកិច្ចនគបាល បានចុះទៅពិនិត្យវាស់វែង និងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាលយ័នគបាលចរាចរណ៍ខេត្ត រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕



































