លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ រាយការណ៍ថា អតីតអគារសាលាមត្ដេយ្យសិក្សា របស់រដ្ឋមួយកន្លែង ស្ថិតក្នុងឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ត្រូវបានអ្នកមានម្នាក់ នៅផ្សារពង្រ យកគ្រឿងចក្រមកវាយកម្ទេចចោល ដោយពុំមានអាជ្ញាធរស្រុក និងសមត្ថកិច្ច បានដឹងនោះឡើយរហូតដល់អគារសាលាមត្ដេយ្យ បាក់រាបដល់ដីទាំងស្រុង ។
ប្រជាពលរដ្ឋដែលនៅទីនោះ បានឱ្យដឹងថា អគារចំណាស់នេះ ដើមឡើយជាអតីតសាលាឃុំបន្ទាប់មកបានប្រគល់មកឱ្យសាលា ដើម្បីធ្វើជាសាលាមត្ដេយ្យ សម្រាប់បង្រៀនកូនចៅប្រជាពលរដ្ឋរស់នៅទីនោះ ។ ក្រោយមកដោយមានអគារថ្មី សាលាមត្ដេយ្យនេះ ត្រូវបានទុកចោល មិនមានសិស្សចូលទៅរៀននោះទេ ។ ប៉ុន្ដែអគារនិងដីសាលាមត្ដេយ្យនេះ នៅតែជាកម្មសិទ្ធិរបស់រដ្ឋដដែល ដោយ ស្ថិតក្នុងបញ្ជីសារពើភណ្ឌ របស់អនុវិទ្យាល័យស្វាយជ្រំ ស្រុករលាប្អៀរ ។
ប្រជាពលរដ្ឋនៅទីនោះឆ្ងល់ថា នៅពេលដែលឃើញគេយកគ្រឿងចក្រ ទៅវាយកម្ទេចចោលបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ដែលមានប្រជាពលរដ្ឋ រស់នៅមូលដ្ឋាននេះ លើកឡើងថា មានការឃុបឃិតគ្នា រវាងមន្ដ្រីអាជ្ញាធរមូលដ្ឋាន លួចលក់អគារនិងដីនេះ ទៅឱ្យអ្នកមានលុយ នៅផ្សារពង្រ ហៅឈ្មោះ ក្ដាន់ ។ បន្ទាប់ពីប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល នឹងការវាយកម្ទេចសំណង់អគារនោះ កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ អភិបាលស្រុករលាប្អៀរ លោក សោម វឺន បានចុះទៅកន្លែងសាលានោះ ដោយមានទាំងមន្ដ្រីមួយចំនួនទៀត ដើម្បីពិនិត្យមើលអគារសាលាមត្ដេយ្យ ដែលគេយកគ្រឿងចក្រទៅវាយកម្ទេច និងស្រាវជ្រាវរកមនុស្ស ដែលហ៊ានវាយកម្ទេចទ្រព្យសម្បត្ដិរបស់រដ្ឋ ដោយគ្មានការអនុញ្ញាត និងគ្មានអាជ្ញាធរណាម្នាក់ បានដឹងឮនោះ ។
មេឃុំស្វាយជ្រំ លោក យី ភួន បានប្រាប់ថា អ្នកដែលយកគ្រឿងចក្រ មកវាយកម្ទេចអគារ សាលាមត្ដេយ្យចាស់នេះ ឈ្មោះ ក្ដាន់ ប៉ុន្ដែឈ្មោះ ក្ដាន់នេះ មិនបានប្រាប់អាជ្ញាធរឱ្យដឹងទេ តែនៅពេលដែលសាកសួរ ទៅឈ្មោះក្ដាន់នេះ គេបានប្រាប់លោកថា គេវាយដើម្បីយកទីធ្លាដី សាលាមេត្ដេយ្យធ្វើរោងបុណ្យ ។ រីឯលោកនាយកសាលាស្វាយជ្រំវិញ បានបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន ឈ្មោះក្ដាន់ បានទៅសុំវាយសាលាមត្ដេយ្យនេះចោល ប៉ុន្ដែលោកមិនបានអនុញ្ញាតឡើយ ។
មជ្ឈដ្ឋានទូទៅ កំពុងតែរង់ចាំមើល ពីចំណាត់ការរបស់អាជ្ញាធរស្រុក ខេត្ដ និងក្រសួងស្ថាប័នពាក់ព័ន្ធនឹងចាត់វិធានការបែបណា ចំពោះអ្នកមានលុយម្នាក់នេះ ដែលហ៊ានយកគ្រឿងចក្រ វាយកម្ទេចបំផ្លាញទ្រព្យសម្បត្ដិ របស់រដ្ឋបែបនេះ? ៕






































