ឧត្តរមានជ័យ៖ ព្រៃឈើនៅក្នុងតំបន់បរិស្ថានស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ កំពុងតែត្រូវបានឈ្មួញកាត់អារ ជ្រៀក ធ្វើអាជីវកម្មគ្មានច្បាប់និងដឹកលើសទម្ងន់ផ្ទុកយ៉ាងគគ្រឹកគគ្រេងអណាធិបតេយ្យជារៀងរាល់ថ្ងៃដែលអាជីវកម្មមួយនេះត្រូវបានបើកភ្លើងខៀវពីសំណាក់មន្ត្រីជំនាញនិងអាជ្ញាធរ ដែលធ្វើអោយបាត់បង់ព្រៃឈើ បំបាត់ចំណូលថវិការរដ្ឋនិងបំផ្លិចបំផ្លាញហេត្ថារចនាសម្ព័ន្ធផ្លូវថ្នល់ដែលប្រមុខរាជរដ្ឋាភិបាលអភិវឌ្ឍន៍។ជាក់ស្តែងនៅវេលាម៉ោង៤ទៀបភ្លឺរ ថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ២០១៥ គេឃើញមានរថយន្តយីឌុបភ្លៅ៥ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ3A 4708 មានផ្ទុកឈើប្រភេទលេខ២ ពេញព្រាបនិងតហួសកន្ទុសរថយន្តប្រហែល៤ម៉ែត្រទៀត ដែលគេប៉ាន់ស្មានចំនួនឈើទាំងអស់យ៉ាងតិច៤៥ទៅ៥០ម៉ែត្រគួប ដែលមានលោក យ៉េន ឆៃ ជាអ្នករត់ការបង់លុយជូនស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្ដារស្រុកនៃខេត្តឧត្តរមានជ័យទាំងមូល។ កន្លងទៅថ្មីៗនេះលោក យ៉េន ឆៃ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាអ្នករត់ការឈើអោយក្រុមហ៊ុននេតឆ័រ ដែលបានប្រមូលផលអនុផលព្រៃឈើនៅក្នុងតំបន់អភិវឌ្ឍន៍របស់ខ្លួនដែលផ្ទុកក្នុងមួយរថយន្តយ៉ាងតិចក៏៥០ម៉ែត្រគួប ហើយឈើទាំងអស់នោះមិនត្រូវបានជំនាញរដ្ឋាបាលព្រៃឈើចុះទៅត្រួតពិនិត្យធ្វើការវាស់វែងដើម្បីវាយតម្លៃប្រមូលថវិការចូលរដ្ឋឡើយ ហើយសកម្មភាពនេះបានកើតឡើងជាយូយារណាស់មកហើយៗសកម្មភាពខាងក្រុមហ៊ុនប្រមូលនិងដឹកជញ្ជូនចេញភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅចែកចាយនៅខេត្តបន្ទាយមានជ័យ។ចំពោះក្រុមហ៊ុនខាងលើដែលប្រមូលផលអនុផលព្រៃឈើនៅក្នុងតំបន់អភិវឌ្ឍន៍របស់ខ្លួននាំចេញដោយមានការឃុបឃិតគ្នាជាមួយនិងរដ្ឋាបាលព្រៃឈើដឹកលើសទម្ងន់ផ្ទុកនេះបានធ្វើអោយបាត់បង់ចំនូលថវិការរដ្ឋយ៉ាងធ្ងន់ធ្ងរដែលគេអាចចាត់ទុកថាជាអំពើពុករលួយដ៏ធំមួយ ដែលក្រសួងយុត្តិធម៌ប្រយុទ្ធប្រឆាំងនិងអំពើពុករលួយគួរណាស់តែដាក់ការស៊ើបអង្កេត។លោក ឃុន ប៊ុនហេង នាយផ្នែករដ្ឋាបាលព្រៃឈើស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទបានអោយដឹងតាមទូរស័ព្ទថា រថយន្តដឹកឈើខាងលើមានច្បាប់ហើយជារបស់ក្រុមហ៊ុនលុនអេគ្រីធិចនិងក្រុមហ៊ុននេតឆ័រ។ ប្រហែលជាលោកនាយផ្នែករដ្ឋាបាលព្រៃឈើមិនបានទៅពិនិត្យដល់កន្លែងក្រុមហ៊ុនលើកឈើច្បាស់លាស់ទេមើលទៅ បានជាមិនដឹងថារថយន្តដឹកឈើលើសចំនួនម៉ែត្រគួប និងលើសទម្ងន់ផ្ទុក៕




































