ខេត្តប៉ៃលិន៖ប្រជាពលរដ្ឋរងការប៉ះពាល់ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងនាំយកថវិកាទៅចូលរួមមរណៈទុក្ខ ក្រុមគ្រួសារជនរងគ្រោះដោយរន្ទះបាញ់ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងនាមលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បាននាំយកថវិកាចំនួន៥០ម៉ឺនរៀលនិងអង្ករ៥០គីឡូក្រាម ដែលជាថវិកាផ្ទាល់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងលោកជំទាវ បានស្រី មុំ អ៊ីឈាន ទៅឧបត្ថម្ភដល់គ្រួសាររងគ្រោះ ដោយរន្ទះបាញ់ស្ថិតនៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នៅរសៀលថ្ងៃទី១ មេសា ឆ្នាំ២០១៤ មានភ្លៀងធ្លាក់បង្កឲ្យមានខ្យល់បោកបក់ខ្លាំង លាយឡំ ផ្គររន្ទះមកជាមួយគ្នា ព្រមជាមួយនោះរន្ទះ ក៏បាញ់ទៅលើជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងខណៈពេលជនរងគ្រោះនោះ កំពុងកាយដំឡូងចេញរថយន្ត ទម្លាក់ក្នុងសៃឡូទីញដំឡូង ។
ជនរងគ្រោះដែលរន្ទះបាញ់ស្លាប់មានឈ្មោះ ខេង ចន្ធី អាយុ៣៤ឆ្នាំ មានមុខរបបរ ដើរស៊ីឈ្នួលគេ បានប្រាក់កំរៃបន្តិបន្តួចមកចិញ្ចឹមគ្រួសារតែប៉ុណ្ណោះ។ លោក សូ កង ក្នុងនាមលោកជំទាវបណ្ឌិត បានស្រី មុំ អ៊ីឈាន បានសំដែងនូវការសោកស្តាយអាណិតអាសូ និងចូលរួមរំលែកទុក្ខយ៉ាងគ្រៀមក្រំ ចំពោះក្រុមគ្រួសារសព ។ លោកបន្តថា បន្ទាប់ពីទទួលដំណឹង ដ៏ក្រៀមក្រំនេះ ឯកឧត្តម អ៊ីឈាន និងលោកជំទាវ មានការសោកស្តាយជាពន់ពេក ដល់សពនិងក្រុមគ្រួសារ ហើយឯកឧត្តម និងលោកជំទាវ បានណែនាំឲ្យក្រុមការងារ នាំយកអង្ករ និងថវិកាផ្ទាល់ របស់ឯកឧត្តមទៅឧបត្ថម្ភដល់ក្រុមគ្រួសារសពជាបន្ទាន់ ដើម្បីចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសព ។
លោក បានបន្តថា ឯកឧត្តម និងលោកជំទាវ គោរពស្រឡាញ់ប្រជាពលរដ្ឋ របស់លោកខ្លាំងណាស់ ក្នុងបរិយាកាស សុខសន្តិភាពប្រជាពលរដ្ឋរស់នៅរកស៊ីយ៉ាងសុខស្រួល ចុះហេតុអីបានជាគ្រោះធម្មជាតិនេះ តាមមកប្រល័យពួកគាត់វិញ។
លោកបានពាំនាំបណ្តាំ ពីសំណាក់ ឯកឧត្តម អ៊ីឈាន និងលោកជំទាវ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន សូមប្រុងប្រយ័ត្នគ្រោះថ្នាក់ធម្មជាតិនេះ ព្រោះថាយើងមិនអាចទប់ស្កាត់វាបានក៏ពិតមែន តែយើងអាចប្រុងប្រយ័ត្នការពារបានមួយកំរិតដែរ ដូចជាពេលមានភ្លៀង ខ្យល់ ផ្គររន្ទះកាច នារដូវដើមឆ្នាំបងប្អូនប្រជាពលរដ្ឋយើង រកកន្លែងណាមានសុវត្តិភាព ជាពិសេសកុំប្រើប្រាស់ អ្វីដែលមានចរន្តអគ្គីសនីស្រូប ដូចជាទូរសព្ឌដៃ វិទ្យុ ទូរទស្សន៍ កុំជ្រកក្រោមដើមឈើ ដែលបញ្ហានេះអាចបង្កឲ្យរន្ទះបាញ់ ធ្វើឲ្យមានគ្រោះថ្នាក់បាត់បង់ជីវិត ។
តមក លោក សូ កង និងក្រុមការងារ បានចុះពិនិត្យមើលផ្ទះរបស់ប្រជាពលរដ្ឋ ដែលទទួលរងការប៉ះពាល់ពីខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១ មេសា ២០១៤ ស្ថិតនៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រោយពីបានពិនិត្យមើលឃើញជាក់ស្តែង អំពីរងគ្រោះថ្នាក់ផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន២៥ខ្នង គឺពិតប្រាកដមែន ដោយក្នុងនោះ មានផ្ទះទេវតារបស់
មូលនិធិបាយ័ន ដែលជាអំណោយរបស់លោកជំទាវ ហ៊ុន មាណា ចំនួន១ខ្នង បានរបើកដំបូលអស់ស័ង្ក្សីចំនួន៣សន្លឹក ផ្ទះកាកបាទក្រហម ដែលទើបទេសាងសង់ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ជូនតាមរយៈ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន រងប៉ះពាល់១ខ្នង ដែលរបើកដំបូលអស់ស័ង្ក្សីចំនួន២សន្លឹកដែរ ។ ហើយក្នុងផ្ទះចំនួន២៥ខ្នងនោះ មានសភាពធ្ងន់ធ្ងរ ចំនួន៥ខ្នង ក្រៅពីនោះគឺខូចខាតមធ្យមតែប៉ុណ្ណោះ ៕