បន្ទាយមានជ័យៈ កុមាកំព្រាក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹម ទី២ ចំនួន១៦៧នាក់ ស្ថិតក្នុងស្រុក មង្គលបូរីខេត្ត បន្ទាយមានជ័យ កាលពីល្ងាច ថ្ងៃទី០៨ មេសា ២០១៥ នាភោជណីដ្ឋានសែសិន ទទួលបានការឧបត្ថម ជាអាហារ មួយពេល និងថវិការសំភារៈសិក្សាជាច្រើន មុនពេលទៅកំសាន្ត នៅខេត្តព្រះសីហនុ ។
ពិធីទទួលអាហារ និងឧបត្ថមខាងលើ គឺរៀបចំឡើងដោយលោក អ៊ុង អឿនទីប្រឹក្សារាជ រដ្ឋាភិបាលនិង ជាប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ តាមរយៈលោក ឈុន ម៉ៅ និងលោកស្រី លាង ថាវី ម្ចាស់មជ្ឈមណ្ឌលកំសាន្តសែសិន ហើយពិធីនេះក៏មានការអញ្ជើញចូលរួម និងឧបត្ថមនូវទឹកប្រាក់សរុប១៩០០ដុល្លា ពីសំណាក់អស់លោក ជាប្រធានមន្ទីរ ស្ថាប័ណ្ណជំវិញខេត្ត ។
លោក ឈុន ម៉ៅ ក្នុងនាមជាអ្នករៀបចំទទួលអាហារពេលល្ងាចដល់កុមាកំព្រា និងអ្នកមើលថែបានលើកឡើងថា ការធ្វើបុណ្យមិនថានៅវត្ត ឬនៅទីណានោះទេ គឺសុទ្ធតែបានបុណ្យ ដូច្នេះទើបលោក ជាមួយនិងភរិយាសម្រេច រៀបចំពិធីនេះឡើងដើម្បីអោយក្មួយ ៗ ជាកុមាកំព្រា ទទួលបានការហូបឆ្ងាញ់ និងគិតថា ខ្លួនក៏មានការគាំទ្រយកចិត្តទុកដាក់ផ្តល់កំលាំងចិត្តដូចមនុស្សទូទៅដែរ ។
លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ និងដើម្បីជូនដំណើរដល់ក្មួយ ៗ ទាំងអស់ទេសចរទៅកាន់ខេត្តកំពង់សោម លោកក៏បានផ្មួចផ្តើមកម្មវិធីនេះឡើង និងដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តនិងពិសេសថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា។
លោកបានធ្វើការផ្តាំផ្ញើរដល់ក្មួយ ៗ ចៅៗ កុំអស់សង្ឃឹមនិងជីវិតត្រូវខិតខំរៀនសូត្រ លោកនឹងជួយអោយរៀនសូត្ររហូតដល់ចប់និងមានការងារធ្វើដើម្បីចិញ្ចឹមជីវិតខ្លួនឯងនិងគ្រួសារ ។
សូមបញ្ជាក់ថា ក្មេងកំព្រាខាងលើភាគច្រើនជាក្មេងដែលត្រូវឳពុកម្តាយបោះបង់ចោលតាមធុងសម្រាម ឳពុកម្តាយស្លាប់ចោលអស់ និងឳពុកម្តាយមានផ្ទុកមេរោគអេដស៍ ៕




































