សៀមរាប : ជនសង្ស័យជាប្តីប្រពន្ធទាំងពីរនាក់នេះត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាបធ្វើការចាប់ឃាត់ខ្លួនរួចបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីធ្វើការសួរនាំបន្ត បន្ទាប់ពីពួកគេបានធ្វើសកម្មភាពក្នុងករណីអំពើលួចយកលុយ ។ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ទោ ភឹង ចិន្តារ៉េត បាននិយាយថា ដើម្បីធ្វើអោយការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយ កាន់តែមានប្រសិទ្ធភាព
ខ្ពស់ ព្រោះខេត្តសៀមរាបជាតំបន់ទេសចរណ៍ផងនោះ ។ ទើបជាក់ស្តែងជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធនេះបន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចយកលុយពីជនរងគ្រោះបានចំនួន ២០ ម៉ឺន ៣ ពាន់ ៦ រយ រៀលនៅត្រង់ចំណុចផ្សារលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាបកាលពីថ្ងៃទី ០៧ ខែ មេសា កន្លងទៅ ក៏ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចធ្វើការតាមចាប់ឃាត់ខ្លួន
ជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធនេះបានភ្លាមៗផងដែរ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយ កាលពីរសៀលថ្ងៃទី ០៨ ខែ មេសា នេះដើម្បីចំណាត់ការទៅតាមនិតិវិធីបន្ត ៕ ដោយគឿនវ៉េត



































