> បាត់ដំបង: បឹងតាអឿគឺជាបឹងមួយដែលមានទំហំប្រមាណជាមួយហិកតា ហើយក៏ជាបឹងបុរាណមួយស្ថិតនៅក្នុងភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបច្ចុប្បន្នកំពុងមានបញ្ហាដោយសារតែមានបុគ្គលមួយក្រុមតូចចង់ទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន រហូតដល់មានការ រារាំងយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋចំនួន67រូបដែលរស់នៅក្នុងសហគមន៍បឹងតាអឿនេះ ដោយប្រជាពលរដ្ឋទាំងនោះប្រកាន់ជំហរដាច់ខាតត្រូវរក្សាទុកផ្ទៃដីបឹងតាអឿនេះអោយនៅជាបឹងដដែល។
> លោកយាយយីម កេ អាយុ83ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងក្រុមទី10 ភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង
> ត្រូវជាកូនរបស់លោកយីម និងអ្នកស្រីហឿម ព្រមទាំងមានស្រុកកំណើតនៅក្បែបឹងតាអឿនេះបានរៀបរាប់ថា តាំងពីលោកយាយធំដឹងក្តីកាលណាគឺឃើញបឹងតាអឿនេះមាននៅត្រង់ចំនុចនេះរហូតដោយក្នុងផ្ទៃបឹងនេះមានដើមស្នោ ឈូក និងត្រឹបក្រាស់ៗណាស់ គឺមិនអាចចុះទៅកណ្តាលបឹងបានទេ
> ចំណែកការរកត្រីរបស់ប្រជាពលរដ្ឋជំនាន់នោះមានតែការដាក់បង្កៃ បបក់ និងរុតតែប៉ុណ្ណោះ ព្រោះនៅក្នុងទឹកបឹងនេះមានត្រីធំៗណាស់ថែមទាំងមានពស់ជាច្រើនទៀតផង។កាលពីជំនាន់នោះអ្នកភូមិទាំងអស់ត្រូវយកទឹកបឹងនេះសំរាប់ប្រើប្រាស់ស្រោចផលដំណាំដោយមិនមាននរណាម្នាក់អះងាងថាជារបស់ខ្លួនឡើយគឺមានន័យថាបឹងនេះទុកជាសម្បត្តិរួមមកតាំងពីពេលនោះមកម្ល៉េះ ព្រោះលោកយាយ
> ក៏ធ្លាប់បានមកច្រូតស្មៅគោ និងជញ្ជាត់ត្រីនៅតាមមាត់បឹងនេះដែរដូច្នេះមិនអាចអនុញ្ញាតិអោយអ្នកណាម្នាក់មកទន្ទ្រានកានកាប់យកដីបឹងនេះទៅធ្វើជាកម្មសិទ្ធឯកជនបានដាច់ខាត។
> ចំណែកអ៊ុំស្រី កែវ សឿន អាយុ65ឆ្នាំ ដែលត្រូវជាកូនរបស់លោកកែវ ជា និងអ្នកស្រីសោ តើយមានស្រុកកំណើតនៅក្បែបឹងនេះដែរក៏បានរៀបរាប់មិនខុសពីលោកយាយយីម កេ ដែរព្រោះតាំងពីកើតឡើង និងធំដឹងក្តីពេលណាគឺឃើញបឹងនេះមានមកជាប់រហូត ហើយទឹកក្នុង
បឹងនេះមិនចេះរីងស្ងួតឡើយ ព្រមទាំងបានដាក់ជាសម្បត្តិរួមចង់អ្នកណាប្រើប្រាស់យ៉ាងណាក៏ស្រេចតែចិត្ត ដោយគ្មានអ្នកណាហ៊ានអះអាងថាជារបស់បុគ្គលណាមួយឡើយព្រោះបើតាមអ៊ុំស្រីនៅចាំបានគឺកាលនោះមានឈ្មោះតាហឿង ដែលគាត់បានប្រពន្ធជាអ្នករស់នៅភូមិរាំងកេសី ព្រមទាំងមានកូនប្រុសចំនួន3នាក់ថែមទៀត គឺគាត់មានផ្ទះនៅជាប់នឹងមាត់បឹងប៉ែកខាងត្បូង ចំណែកខាងជើងបឹងគឺមានទួលមួយដែលមានគេធ្វើចំការនៅលើទួលនោះ ក្រៅពីនេះសុទ្ធសឹងតែជាវាលស្រែទាំងអស់រហូតដល់អូរសណ្តាស់។
> ដោយឡែកលោក ព្រីង រ៉ន អាយុ65ឆ្នាំជាប្រជាពលរដ្ឋរស់នៅក្នុងភូមិក្បាលថ្នល់ ព្រមទាំងមានស្រុកកំណើតនៅក្បែបឹងតាអឿនេះដែរបានលើកឡើងថា កាលពីលោកនៅមានអាយុប្រហែល15ឆ្នាំគឺផ្ទះរបស់ឪពុកលោកគឺស្ថិតនៅជាប់នឹងទួលតាអឿនេះ គឺស្ថិតនៅទិសខាងជើងនៃតួបឹង ហើយនៅលើទួលនេះ តាអឿបានធ្វើចំការដោយមានដាំបន្លែជាច្រើនមុខ ដោយកាលនោះតាអឿមានអាយុប្រហែល30ឆ្នាំគឺនៅល្ងាចៗឡើង គាត់តែងតែបើកឡានរបស់គាត់មកមើលដំណាំរបស់គាត់ជារៀងរាល់ថ្ងៃ ព្រោះ ផ្ទះរបស់តាអឿនៅឯភូមិកំពង់បាដោក ឃុំអូរដំបង។
> លោកព្រីង រ៉ន បានបន្ថែមថា ស្ថិតក្នុងវ័យប្រហែល30ឆ្នាំគឺកាលនោះតាអឿបានកាន់សីល
> ទៅហើយ ប៉ុន្តែអោយតែគាត់មកមើលដំណាំរបស់គាត់ម្តងៗគាត់តែងតែឆ្លៀតរកត្រីខ្លះៗដោយប្រាប់ថាយកទៅអោយកូនចៅរបស់គាត់សុី ព្រោះត្រីនៅក្នុងបឹងនេះធំៗណាស់ លុះពេលដែលគាត់វិលត្រឡប់ទៅផ្ទះវិញគឺគាត់តែងតែផ្តាំផ្ញើអោយលោកជួយមើលដំណាំស្ពៃរបស់គាត់ផង ចំណែកស្រែរបស់តាអឿ
> មានប្រហែល10ហិកតាស្ថិតនៅខាងលិចបឹងនេះទាំងអស់ ព្រោះកាលនោះទំនងជាជីវភាពរបស់គាត់មានការធូរធារខ្លាំងរហូតដល់មានឡានថែមទៀត ហើយឈ្មោះបឹង “តាអឿ” ក៏បានជាប់មករហូតដល់សព្វថ្ងៃ ដូច្នេះកុំថាឡើយបឹងនេះថ្មីឬចាស់គឺកាលនោះគ្រាន់តែដើមស្នោក៏មានដើមធំៗរហូតដល់មានខ្លឹមថែមទៀត តើអស់លោកដែលចង់ទន្ទ្រានយកដីបឹងនេះមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដែលឃើញដើមស្នោមានខ្លឹមទេ? ព្រោះមួយរយ:កន្លងមកនេះក៏ស្រាប់តែមានលោកឡេង ស្រ៊ុន ដែលជាតំណាងអោយលោក
> ហេង ហុង និងអ្នកស្រី ម៉ាក់ ចាន់ថន ដែលជាអ្នកមានលុយ បាននិងកំពុងរត់ការអែបលោកនេះអែបលោកនោះ បានធ្វើការបំពេញបន្ថែមដោយយកប្លង់បឹងតាអឿដែលមានលេខរៀងក្បាលដីលេខ67មកពុសជ្រៀក បង្កើតជាប្លង់លេខ1338និង1339 ក្នុងគោលបំនងយកដីបឹងនេះមកធ្វើជាដីលំនៅដ្ឋាន កម្មសិទ្ធផ្ទាល់ខ្លួនទៅវិញ ដែលធ្វើអោយប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងអស់មានការប្រឆាំងតវ៉ាយ៉ាងពេញទំហុឹង ដោយប្រកាន់ខ្ជាប់នូវជំហររក្សាដីបឹងនេះជាសម្បត្តិរដ្ឋដដែល ដើម្បីបំរើអោយផលប្រយោជន៍រួមនៅក្នុងសហគមន៍ទាំងមូល។
> គួរបញ្ជាក់ថាបច្ចុប្បន្នប្រជាពលរដ្ឋដែលរស់នៅជាប់នឹងព្រំប្រទល់បឹងមានចំនួន6គ្រួសារ
> ហើយសុទ្ធតែមានប្លង់រឹងដែលមន្ទីដែនដីនគរូបនីយកម្មបានកំណត់យ៉ាងច្បាស់ថាសុទ្ធតែជាប់នឹងបឹងទាំងអស់ ដោយឡែកប្លង់ថ្មីដែលភាគីចង់ទន្ទ្រានយកបឹងនោះគឺមានប្រជាពលរដ្ឋតែម្នាក់ប៉ុណ្ណោះដែលព្រម
> ផ្តិតមេដៃអោយក៏ព្រោះតែភាគីនេះបានបំភ្លៃថាជាប់ដីស្រែរបស់គេ ដោយឡែក5គ្រួសារទៀតគេមិនព្រមផ្តិតមេដៃអោយទេព្រោះគេបានបំពានយកផ្ទៃដីបឹងទាំងស្រុងតែម្តង។
> បច្ចុប្បន្នប្រជាពលរដ្ឋទាំងអស់នៅក្នុងសហគមន៍បឹងតាអឿបានប្រកាន់ជំហរដាច់ខាត ដោយ
> មិនអនុញ្ញាតិអោយបុគ្គលណាម្នាក់ធ្វើការទន្ទ្រានយកបឹងនេះទៅធ្វើជារបស់ផ្ទាល់ខ្លួនឡើយ ព្រោះថ្មីៗនេះ
> ប្រជាពលរដ្ឋបានធ្វើការស្តារបឹងនេះដើម្បីយកទឹកប្រើប្រាស់នីៅក្នុងសហគមន៍បានមួយចំនួនហើយដោយយោងតាមចំនារអនុញ្ញាតិរបស់លោកអភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង ប៉ុន្តែត្រូវបានផ្អាកសកម្មភាពទៅវិញដោយសារតែមានបុគ្គលនេះមករារាំង និងអះអាងថាជាដីរបស់គេ។ប្រជាពលរដ្ឋទាំងអស់កំពុងតែរង់ចាំមើលថា តើលោកអភិបាលខេត្តនិងមានវិធានការបែបណាក្នុងការរដំណោះស្រាយអោយប្រជាពលរដ្ឋនៅក្នុងសហគមន៍ ព្រោះនៅក្នុងតំបន់នេះមានការប្រឈមមុខយ៉ាងខ្លាំងដោយសារការខ្វះខាតទឹកនារដូវប្រាំង ហើយក៏ប្រឈមមុខទៅនឹងទឹកជំនន់ផងដែរនារដូវវស្សា៕



































