សៀមរាប ការប្រណាំងបររទេះគោ គឺជាប្រភេទកីឡារបស់ដូនតាខ្មែរតាំងពីបូរមបូរាណមកម្លេះ ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានស្រាវជ្រាវរកឃើញប្រភេទកីឡាប្រណាំងរទេះគោនេះ នៅស្រុកប្រាសាទបាគង ដែលជាមូលដ្ឋានប្រវត្តិសាស្ត្រ មានតឹកតាងរហូតមកដល់បច្ចុប្បន្ន ។ នៅក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្តរយៈពេល៣ថ្ងៃ ( ថ្ងៃទី១៤ ទី១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ ) កីឡាប្រណាំងរទេះគោ ត្រូវបានរៀបចំឡើងរៀងរាល់ថ្ងៃរសៀល នៅលើទីលានវាលឃ្យុងយូ ។
គណកម្មការរៀបចំការប្រណាំងរទេះគោ អបអរព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំមមែ សប្តស័ក ពស ២៥៥៩ ត្រូវនឹង គស ២០១៥ បានឲ្យដឹងថា ៖ កីឡាករដែលនាំយករទេះគោមកប្រណាំងដណ្តើមពានរង្វាន់អង្គរសង្ក្រាន្តឆ្នាំនេះ មានចំនួន ១៤គូ ក្នុងនេះរួមមាន រទេះគោប្រភេទកង់កៅស៊ូ ចំនួន ៧គូ និងរទេះគោប្រភេទកង់ឈើ ដែលគេហៅថា រទេះគោបូរាណនោះ មានចំនួន ៧គូ ។ រទេះគោប្រណាំងទាំង ១៤គូនេះ គឺមកពីស្រុកប្រាសាទបាគងទាំងអស់ ។
គណកម្មការរៀបចំការប្រណាំងរទេះគោ បានបញ្ជាក់ឲ្យដឹងទៀតថា ការប្រកួតប្រណាំងបរទេះគោនេះ ត្រូវបានជ្រើសរើសយកចំណាត់ថ្នាក់តាមប្រភេទរទេះកង់កៅស៊ូ និង កង់ឈើ ចាប់ពីលេ១ ដល់លេខ៣ ដើម្បីទទួលយកពានរង្វាន់ធំ ។ ចំណែកឯរទេះគោដែលចូលរួមប្រណាំង តែមិនបានជាប់ចំណាត់ថ្នាក់ ក៏មានការប្រគល់ជូនពានរង្វាន់លើកទឹកចិត្តផងដែរ ។
គោលបំណងនៃការរៀបចំប្រណាំងរទេះគោនេះ គឺអង្គរសង្ក្រាន្តចង់រំលឹកឲ្យឃើញអំពីប្រពៃណីរស់នៅរបស់ប្រជាជនកម្ពុជា ពីសម័យដើម ដែលអាស្រ័យលើការងារបង្ករបង្កើនផលកសិកម្ម ដោយប្រើប្រាស់សត្វពាហនៈ ។ ការប្រណាំងរទេះគោ គឺវាបានបង្កប់នូវអត្ថន័យនៃការស្រឡាញ់ ថែទាំ និងការជ្រើសរើសពូជសត្វគោក្របី ដែលជាកម្លាំងអូសទាញមកប្រើប្រាស់ ទាំងលើការងារកសិកម្ម ភ្ជួររាស់ និងការទឹមរទេះដឹកជញ្ជូននិងការធ្វើដំណើរជិតឆ្ងាយផងដែរ ។ ប្រជាជនខ្មែរសម័យដើម គឺច្រើនមានទម្លាប់លេងសត្វ គឺការអួតអាងអំពីសត្វចិញ្ចឹមដែលខ្លួនជ្រើសរើសយកមកប្រើប្រាស់ ។
ក្រៅពីការផ្តល់លទ្ធផលក្នុងការងារបង្ករបង្កើនផលនារដូវវស្សា នៅក្នុងតំបន់ស្រែលើ គេច្រើនរៀបចំឲ្យមានការប្រណាំងរទេះគោនារដូវច្រូតកាត់រួច គឺរដូវប្រាំង ពោលគឺរដូវបុណ្យចូលឆ្នាំខ្មែរនេះតែម្តង ។ មកដល់បច្ចុប្បន្ននេះ នៅស្រុកប្រាសាទបាគង ថ្វីបើមានការអភិវឌ្ឍន៍លើវិស័យគ្រឿងចក្រកសិកម្ម ក៏ប៉ុន្តែ ការរក្សាប្រពៃណីប្រើប្រាស់សត្វពាហនៈជាកម្លាំងអូសទាញ ភ្ជួររាស់ ដឹកជញ្ជូន គឺមិនទាន់បានបោះបង់ចោលទាំងស្រុងនោះទេ ព្រោះពួកគាត់យល់ច្បាស់ថា សត្វពាហនៈទាំងនេះ នៅមានប្រយោជន៍សម្រាប់ពួកគេ ដែលមិនត្រឹមតែលើការងារភ្ជួររាស់ប៉ុណ្ណោះទេ តែវាអាចផ្តល់ជីធម្មជាតិបានយ៉ាងល្អ នឹងមួយចំណែកទៀត សម្រាប់
បច្ចុប្បន្ននេះ ទាំងសត្វពានៈ និងរទេះគោរបស់ពួកគាត់ ក៏កំពុងតែបានផ្តល់ឲ្យមានចរន្តសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ផងដែរ គឺការដឹកជញ្ជូនភ្ញៀវទេសចរ ។ ភ្ញៀវទេសចរអន្តរជាតិគឺចូលចិត្តជិះរទេះគោ ទស្សនាភូមិស្ថានរបស់ពួកគាត់ ដើម្បីធ្វើដំណើរទៅកាន់កំពង់កាណូត នឹងបន្តដំណើរទៅកំសាន្តតំបន់ទេសចរណ៍ធម្មជាតិព្រៃលិចទឹក កំពង់ភ្លុក ដែលជាភូមិស្ថានរបស់ប្រជាអ្នកនេសាទ នៃតំបន់បឹងទន្លេសាប ៕ ដោយគឿនវ៉េត



































