ខេត្តប៉ៃលិន៖ គណៈអភិបាលខេត្តប៉ៃលិន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីក្រោមឱវាទ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ បានបានរៀបចំពិធីសូត្រមន្តដើម្បីសុំសេរីសួស្តី និងសុខសន្តិភាព ក៏ដូចជាទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមែសប្តសក័ ព.ស២៥៥៩ ព្រៈនាមរាក្យសាទេវី ដែលនឹងចូលមកដល់នាពេលខាងមុខនេះ ។
ពិធីបុណ្យចូលឆ្នាំ គឺជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យចងចាំថា កំណើននៃអាយុជីវិតចេះតែរំកិលទៅមុខឥតឈប់ឈរ ជាសញ្ញាតម្រូវឲ្យមនុស្សម្នាក់ៗខិតខំលះបង់នូវអំពើអាក្រក់ បំពេញអំពើជាកុសលដែលមានប្រយោជន៍សម្រាប់ខ្លួន សម្រាប់អ្នកដទៃ សម្រាប់សាសនា និងសម្រាប់សង្គមជាតិទាំងមូល ក្នុងមហាគ្រួសារខ្មែរជាធ្លុង១។
លោក កើត សុធា អភិបាលខេត្តប៉ៃលិន និងលោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងជូនពរដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងឧកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ សូមជួបប្រទះតែសេចក្ដីសុខ សំបូរសប្បាយ និងអភិវឌ្ឍន៍តរៀងទៅ។ ជាមួយគ្នានេះដែរ ក៏សូមឲ្យទេវតាឆ្នាំថ្មី ឆ្នាំមមែព្រៈនាមរាក្យសាទេវី ជួយបីបាច់ថែរក្សាប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាឲ្យជួបប្រទះតែសេចក្ដីសុខ ចំរុងចំរើន លូតលាស់ក្នុងសុខសន្តិភាព ជៀសផុតពីគ្រោះចង្រៃទាំងពួង ដែលកើតមានពីឆ្នាំចាស់ និងទទួលយកពរជ័យពីទេវតាឆ្នាំថ្មីពីពេលនេះតទៅ។
ក្រៅពីនេះលោកអភិបាលខេត្ត ក៏បានណែនាំឲ្យប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យផងដែរ ដោយហេតុថា រាល់ឆ្នាំគ្រោះអគ្គីភ័យនេះតែងតែកើតមាន ហើយការកើតមានហានិភ័យទាំងនេះភាគច្រើនគឺផ្ដើមឡើងពីការធ្វេសប្រហែសនេះឯង៕




































