កំពង់ឆ្នាំង៖កូនដំណាំហូបផ្លែមានស្វាយ មៀន ខ្នុរ ប្រមាណ១២០០ដើម និងផ្ទះមួយខ្នងនៅក្នុងចំការមួយកន្លែងស្ថិតនៅក្នុងចំណុចខ្សាច់ពូន ភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ត្រូវបានជនខិលខូចមួយក្រុមគ្នា៥នាក់ នាំគ្នាដុចបំផ្លាញចោលដោយមិនដឹងមូលហេតុ។ការដុតបំផ្លាញដំណាខាងលើនេះបានកើតឡើងនៅវរលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ នៅលើដីចំការ៥៥ហិកតា របស់លោក គង់ ប៊ុនធឿន និងអ្នកស្រី អ៊ុន ណាវី ដែលលោកអភិបាលលខេត្តកំពង់ឆ្នាំង បានចេញដីកាដកហូត ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ តែមិនទាន់អោយដឹងពីមូលហេតុច្បាស់លាស់នៅឡើយ។
នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ លោក សេង អេង អាយុ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ យឹម ហេង
អាយុ៥៥ឆ្នាំ ជាអ្នកស៊ីឈ្នួលចាំចំការរស់នៅក្នុងទីតាំងកើតហេតុខាងលើ បាននិយាយអោយអ្នកយកព័ត៌ មានយើងដឹងថា៖ នៅម៉ោង៩និង៥០ព្រឹកថ្ងៃទី១៩ ខែមេសា ពួកគាត់បានឃើញភ្លើងព្រៃកំពុងឆាបឆេះស ន្ធោសន្ធៅមានប្រវែងទទឹងប្រមាណ១០០ម៉ែត្រ ឆេះពីក្នុងចំការទិសខាងត្បូងចំណុចផ្លូវរទេះ ដេញមកក្នុងចំការផ្នែកខាងជើង ពេលគាត់បានរត់ជិតដល់ប្រមាណ២០០ម៉ែត្រ គាត់បានឃើញមនុស្សប្រុស៥នាក់បានចេញមកពីចំណុចភ្លើងឆេះ ដើរឡើងម៉ូតូ២គ្រឿងជិះចេញទៅតាមផ្លូវលំទៅទិសខាងត្បូងបាត់ទៅ។
ករណីនេះគាត់បាននិយាយថា៖ពិតជាពួកមនុស្សប្រុស៥នាក់នេះជាអ្នកលួចដុតបំផ្លាញដំណាំនិងផ្ទះចោល ព្រោះថាភ្លើងព្រៃបានឆេះព្រមគ្នាប្រវែងទទឹង១០០ម៉ែត្រតែម្តង ដេញទៅជើងតាមខ្យល់បោកបក់ មិនដឹងថាគេមានគុំនុំអ្វីជាមួយម្ចាស់ចំការឡើយ។នៅពេលភ្លើងព្រៃឆេះដំណាំក្នុងចំការយ៉ាងសន្ធោសន្ធៅមានប្រវែងវែងបែបនេះពួកគាត់ពុំមានលទ្ធភាពពន្លត់បានឡើយ រហូតរាលដាលឆេះផ្ទះជញ្ជាំងស្លឹក ដំបូលសង្ក័សី ទំហំ៣គុណ៤ម៉ែត្រអស់១ខ្នង និងដំណាំក្នុងចំការប្រមាណ១២០០ដើមទើបរលត់វិញ។
លោក គង់ ប៊ុនធឿន និងអ្នកស្រី អ៊ុន ណាវី រស់នៅភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បាននិយាយអោយដឹងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥នេះថា៖នៅពេលទទួលព័ត៌មានពីភ្លើងឆេះចំការ លោកនិងលោកស្រីបានទូរសព្ទ័ប្តឹងទៅលោកមេនគរបាលប៉ុស្តិក្បាលទឹក លោកអធិការនគរ បាលស្រុកទឹកផុស និងលោកស្នងការរងនគរបាលខេត្ត សុំអោយជួយអន្តរាគម ប៉ុន្តែមកដល់ពេលនេះលោក និងអ្នកស្រីពុំទាន់ទទួលបានព័ត៌មានអ្វីពីសមត្ថកិច្ចនៅឡើយទេ។
ដោយឡែក លោក ចិន ស៊ីម នាយប៉ុស្តិនគរបាលក្បាលទឹកបានអោយដឹងថា៖ក្រោយពេលបានព័ត៌មាននេះលោកបានបញ្ចេញកម្លាំងតាមស្រាវជ្រាវរកជនសង្ស័យផងដែរ តែដោយអ្នកចាំចំការមិនបានស្គាល់អត្តសញ្ញាណនិងភិនភាគជនសង្ស័យច្បាស់លាស់ ហេតុនេះសមត្ថកិច្ចប្រហែលជាមិនអាចស្រាវ
ជ្រាវរកជនល្មើសទាំងនោះឃើញឡើយ ម្យ៉ាងទៀតនៅល្ងាចនោះមានអ្នកជិះម៉ូតូទៅមកដើរលេងច្រើន។ លោក គង់ ប៊ុនធឿន និងអ្នកស្រី អ៊ុន ណាវី បាននិយាយអោយដឹងទៀតថា៖នេះជាលើកទី២ហើយដែលមានគេលួចដុតដំណាំនៅក្នុងចំការរបស់គាត់ ដែលកាលពីលើកទីមួយនៅម៉ោង៥ល្ងាចថ្ងៃទី០១ មេសា ឆ្នាំ២០១៥ ជាថ្ងៃលោកនាយរងខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង យកដីកាដកហូតដីរបស់លោកអ
ភិបាលខេត្ត មកប្រគល់អោយគាត់ ក៏មានគេលួចដុតចំការស្វាយរបស់គាត់ និងបានឆេះអស់ទំហំប្រមា ណ៣០០ម៉ែត្រគុណនិង៤០០ម៉ែត្រម្តងរួចមកហើយ និងសមត្ថកិច្ចក៏មិនទាន់រកឃើញជនល្មើសនឡើយដែរ។ករណីទាំង២លើកនេះ លោកនិងអ្នកស្រីសុំអំពាវនាវដល់សមត្ថកិច្ចនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាជួយស្រាវជ្រាវរកមុខជនល្មើស និងអ្នកនៅពីក្រោយខ្នងអោយឃើញដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវ
ច្បាប់មិនត្រូវអោយគេរួចខ្លួនឡើយ៕



































