បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះភ្លាមៗ ដោយសារតែរូបគាត់ជិះម៉ូតូធនធំម៉ាក PULSAR ក្នុងល្បឿនលឿន វ៉ាកជាមួយនឹងរថយន្តស្ទូច ចំនួន៣គ្រឿង ដែលឈប់ចតពេញផ្លូវ រួចអ្នកជិះម៉ូតូភ័យពេក ក៏ចាប់ហ្វ្រាំងបូមដួលបោកអូសជាង២០ម៉ែត្រ ចូលក្រោយរថយន្តស្ទូច ។ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៩នឹង៥៥នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ២៥៥ ចំណុចមុខសិប្បកម្មទ្វារដែកនិងរមូរ អ៊ឹង ឆាយហាក់ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ប្រភពពត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស្ទូច៣គ្រឿង បានមកឈប់នៅមុខសិប្បកម្មទ្វារដែក និងរមូរ អ៊ឹង ឆាយហាក់ ពេញផ្លូវតែម្តង ដើម្បីធ្វើការស្ទូចឥវ៉ាន់ ហើយមួយសន្ទុះក្រោយមក គេបានឃើញបុរសម្នាក់ ជិះម៉ូតូធនធំម៉ាក PULSAR ពណ៍ក្រហមខ្មៅ ពាក់ស្លាកលេខភ្នំពេញ ជិះតាមបណ្តោយផ្លូវលេខ២៥៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ទាំងក្នុងស្ថានភាពស្រវឹងស្រា ជោគជាំ លុះជិតនឹងមកដល់កន្លែងកើតហេតុ បានវ៉ាក់ជាមួយនឹងរថយន្តខាងលើ ។ ដោយភ័យពេកបុរសម្នាក់នោះ បានចាប់ហ្វ្រាំងបូមម៉ូតូ ឱ្យដួលបោកអូសជាង២០ម៉ែត្រ ចូលក្រោយរថយន្តស្ទូច បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ។ បន្ទាប់ពីឃើញដូច្នេះ រថយន្តស្ទូច២គ្រឿងទៀត ដែលឈប់ចតពេញផ្លូវនោះ បានបើកចេញពីកន្លែងបាត់ នៅសល់តែរថយន្តស្ទូច ដែលម៉ូតូដួលអូសចូលខាង ក្រោមប៉ុណ្ណោះ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងបានសហការជាមួយសមត្ថកិច្ច ជំនាញ ធ្វើការវាសង់វែង យករថយន្តស្ទូច និងម៉ូតូយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រង់ចាំដោះស្រាយនាពេលក្រោយ ។
សូមបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីភាគីទាំងសងខាង ព្រោះខាងរថយន្តស្ទូចបានចតពេញផ្លូវធ្វើដំណើរតែម្តង ចំណែកភាគីខាងម៉ូតូវិញ ស្រវឹងស្រាហើយ ជិះក្នុងល្បឿនលឿនទៀត ទើបបង្កឱ្យមានគ្រោះថ្នាក់ដូច្នេះ ៕




































