ខេត្តសៀមរាបៈ នៅរសៀលថ្ងៃទី១៨ខែឧសភា មានភ្លៀងលាយលំនិងខ្យល់កន្ទ្រាក់បានធ្វើឲ្យដើមឈើបាក់មួយចំនួននៅតាមតំបន់ប្រាសាទនានាក្នុងខេត្តសៀមរាបត្រូវបានអាជ្ញាធរជាតិអប្សរា បានប្រកាសជូនដំណឹងជាសាធារណៈដើម្បីជ្រាបអំពីគ្រោះធម្មជាតិ ដែល មានភ្លៀងនិងខ្យល់កន្ត្រាក់ បក់បោកទៅលើតំបន់អង្គរ បណ្តាលឲ្យដួលរលំនិងបាក់មែកឈើមកលើកំផែងប្រាសាទ។
សេចក្តីប្រកាសរបស់អាជ្ញាធរអប្សរាបញ្ជាក់ថា នៅក្នុងតំបន់អង្គរឈើទាលចំនួនបីដើមបានដួលរលំ និងបាក់មែកចំនួន៨ធ្លាក់មកលើកំផែងប្រាសាទ។ក្នុងនោះប្រាសាទព្រះខន័រលំឈើទាល១ដើម បាក់មែក៣ដើម។ ប្រាសាទបាយក្អែកបាក់មែក១ដើម។តាមផ្លូវខ្លោងទ្វារតាកាវរលំឈើទាល១ដើម។ ប្រាសាទបាពួនខាងក្រោយព្រះអង្គងោក បាក់មែក១ដើម។ប្រាសាទតាព្រហ្ម ត្រង់ប្រាសាទគក់ទ្រូងរលំដើមខ្នុរព្រៃ១ដើម។ប្រាសាទតាសោមបាក់ដើមឈើទាលពាក់កណ្តាល១ដើម និងបាក់មែក១ដើម។ព្រះវិហារ៨ល្វែង បាក់មែក១ដើម។សេចក្តីប្រកាសបញ្ជាក់ទៀតថា ការរលំនិងបាក់មែកឈើទាលទាំងនោះ មិនបង្កការខូចខាតដល់
ប្រាសាទឬរចនាសម្ពន្ធ័ណាមួយឡើយ។ ពេលនេះខាងនាយកដ្ឋានគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរា កំពុងសំអាតនិងប្រមូល ចំពោះដើមនិងមែកឈើណាដែលអាចប្រើការបាន គឺយកទៅរក្សាទុកនៅប្រាសាទ តានៃ ដើម្បីប្រើប្រាស់ក្នុងអង្គភាព អាជ្ញាធររអប្សរា៕ ដោយ កុសល




































