ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយសារតែស្ត្រីម្នាក់ស្រវឹងស្រាជោគជាំ បានបើក រថយន្តPAJERO ក្នុងល្បឿនលឿនរេពេញផ្លូវរួចបានរេបុករ៉ឺម៉កកង់បី បណ្តាលឱ្យរងការខូចខាត នៅចំណុច មុខផ្សារព្រៃទា កាលពីវេលាម៉ោង៨នឹង៣០នាទីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ស្ថិតក្នុងសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយក្រោយពីបង្កហេតុស្ត្រីម្នាក់នោះបានព្យាយាមបើករថយន្តរត់ដល់ចំណុច ស្តុបផ្សារ ដីហុយ ទើបសមត្ថកិច្ចឃាត់បាន មិនតែប៉ុណ្ណោះស្ត្រីម្នាក់នោះបានជេរប្រមាថនិងរកចាយសមត្ថកិច្ច បង្កឱ្យមាន ការភ្ញាក់ផ្អើល ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត PAJERO ពាក់ស្លាកលេខបើកបរដោយស្ត្រីម្នាក់ទាំងស្ថានភាពស្រវឹងស្រាជោគជាំបានបើករថយន្តក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចមុខផ្សារព្រៃទាក៏បានបុករ៉ឺម៉កកង់បីបណ្តាលឱ្យរងការខូចខាត ។
ប្រភពបន្តថាបន្ទាប់ពីបង្កហេតុស្ត្រីខាងលើបានបន្ថែមល្បឿនព្យាយាមបើករត់គេចខ្លួនប៉ុន្តែត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចចរាចរណ៍ដែលកំពុងប្រចាំការនៅស្តុបផ្សារដី ហុយឃាត់បាននៅ ចំណុចស្តុបនេះផងដែរ ។ ប៉ុន្តែអ្វីដែលជាការហួសចិត្តនិងបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ អ្នកដំណើរនាំគ្នា ចោមរោមមើលនោះគឺដោយសារតែនៅពេលសមត្ថកិច្ចហៅស្ត្រីបើករថយន្ត បង្កឱ្យចុះពីលើរថយន្ត ស្ត្រីម្នាក់ នោះ មិនចុះហើយថែមទាំងបានជេរប្រមាថនិងរកវាយសមត្ថកិច្ចថែមទៀតផង ។ ដោយសារតែស្ត្រីខាង លើ ពិបាកក្នុងការនិយាយគ្នាពេកទើបសមត្ថកិច្ចសម្រេចចាប់ខ្នោះស្ត្រីម្នាក់នោះ ហើយនាំខ្លួន និងរថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយនាពេលក្រោយ ។




































