មនុស្សប្រុសស្រីចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាលដោយសារតែពួកគេជិះម៉ូតូ២គ្រឿង បុកគ្នា ពេញទំហឹង កាលពីវេលាម៉ោង២៣និង១០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចមុខស្ថានីយ៍ ប្រេងឥន្ទនៈតូតាល់ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពុងទី២ ខណ្ឌចំការមន។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកអាយខុន ពណ៌លឿង ពាក់ស្លាកលេខពោធិ៍សាត់ 1B-1494 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅជើងទៅត្បូង ខណៈមកដល់ចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ ក៏បានស៊ីញ៉ូបត់ឆ្វេង បំណង់ចូលចាក់សាំង ភ្លាមនោះក៏មានយុវជនម្នាក់និងនារីម្នាក់ទៀតរួមដំណើរជាមួយ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BU-7106 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនបានជ្រុលបុកចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់និងស្រាល។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើកាវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌចំការមនដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕



































