សៀមរាប ៖ ដោយជីវភាពក្រីក្រលំបាក ម្ដាយនិងឪពុករបស់កុមារតូចៗ ៥នាក់ បានបង្ខំចិត្តចាកចោលកូនៗតូចៗ ជាទីស្រឡាញ់របស់ខ្លួន ទៅធ្វើជាកម្មករនៅប្រទេសថៃ ទុកឲ្យពួកគេរស់នៅដោយកណ្ដោចកណ្ដែង និងបង្ហូរទឹកភ្នែកស្រែកយំរកម្ដាយ ឪពុក ស្ទើររៀងរាល់រាត្រី ។ ម្យ៉ាងផ្ទះខ្ទមដែលធ្វើអំពីស្លឹក ត្រូវបានខ្យល់កំណាច បក់បោកដួលរលំទាំងស្រុង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ
កាន់តែធ្វើឲ្យពួកគេរស់នៅយ៉ាងកំសត់ និងស្រែកយំ ដង្ហោយរកឪពុកម្ដាយ របស់ពួកគេកាន់តែខ្លាំងឡើងៗ ។
កាលពីរសៀលថ្ងៃទី២០ ឧសភា ឆ្នាំ២០១៥ ក្រោមភ្លៀងរលឹម ខ្យល់ ផ្គរ រន្ទះ សាជាថ្មីនោះ ពួកគេបានដឹកដៃបងប្អូនរបស់គេទាំង ៥នាក់ ដើម្បីទៅសុំផ្ទះអ្នកជិតខាងជ្រកកោន ម្យ៉ាងដោយភ័យខ្លាច នាស្បៃរាត្រីឈានចូលមកដល់ ម្យ៉ាងផ្ទះសម្បែងដែល
បានសាងសង់ជាថ្មី ដោយអាជ្ញាធរខេត្ត និង ស្នងការដ្ឋាននគរបាលខេត្ត មិនទាន់រៀបរយនៅឡើយនោះ ។
ដោយជួបនូវការលំបាក កុមារី ដែលត្រូវជាបងរបស់កុមារី ទាំង ៤នាក់ ដែលទើបតែមានអាយុ១៤ឆ្នាំ ហើយមានភារកិច្ចមើលថែប្អូនៗនោះ បានអំពាវនាវ សុំការជួយឧបត្ថម្ភគាំទ្រ ពីបណ្ដាសប្បុរសជន និង ថ្នាក់ដឹកនាំ ខណៈដែលម្ដាយឪពុករបស់ពួកគេ ទោះបានដឹងថា ពួកគេ កំពុងជួបការលំបាក និង រស់នៅឯកាយ៉ាងនេះក្ដី ក៏ពួកគាត់មិនមានលទ្ធភាពវិលត្រឡប់មកជួប និងផ្ដល់ភាពកក់ក្ដៅ ដល់កូនៗ របស់គាត់នៅពេលឆាប់ៗនេះវិញដែរ ព្រោះមិនមានប្រាក់គ្រប់គ្រាន់ សម្រាប់ធ្វើដំណើរត្រឡប់ មកស្រុកខ្មែរវិញនៅឡើយ គឺបានត្រឹមតែសន្យាថា ចាំឆ្នាំក្រោយទើបបានមក ។
សូមបញ្ជាក់ថា កុមារីតូចៗទាំង ៥នាក់នេះ រស់នៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប គឺកុមារី បងគេមានឈ្មោះ លី ផា អាយុ ១៤ឆ្នាំ រៀនថ្នាក់ទី ៧, ប្អូនស្រីបន្ទាប់ អាយុ ១៣ឆ្នាំ, ប្អូនទីបី អាយុ ៥ឆ្នាំ, និងប្អូនស្រីពៅ (ភ្លោះ) ២នាក់ អាយុជាង ៣ឆ្នាំ ។ ពួកគេរស់នៅដោយ បងៗទាំងពីរនាក់ ចែកវេនគ្នាទៅសាលារៀន ដើម្បីមានម្នាក់នៅមើល និងថែរក្សា ចម្អិនម្ហូបអាហារ សម្រាប់ប្អូនៗ ដោយមិនមានម្ហូបអាហារ បរិភោគគ្រប់គ្រាន់ឡើយ ។
លោក អនុសេនីទោ ឆឹង សុភា អធិការរងនគរបាលក្រុងសៀមរាប ដែលកំពុងដឹកនាំកម្លាំងនគរបាល និងយោធា សាងសង់ផ្ទះ ធ្វើអំពី ស័ង្កសី អស់ទឹកប្រាក់ជិត ១០០០ដុល្លារ ជូនគ្រួសារកុមារីទាំងនេះ បន្ទាប់ពីផ្ទះខ្ទមចាស់ ត្រូវបានរលំដោយសារភ្លៀងខ្យល់ និងដោយមានការណែនាំ ដោយផ្ទាល់ពីលោក ឃឹម ប៊ុនសុង អភិបាលខេត្ត នៅពេលដែល លោកបានចុះទៅពិនិត្យការរលំផ្ទះ របស់ប្រជាពលរដ្ឋនៅតំបន់នោះ
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ បានបញ្ជា ឲ្យកងកម្លាំងប្រដាប់អាវុធ ដែលមានលោកឧត្តមសេនីទោ ស៊ត ណាឌី ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំង និងចេញថវិកា សាងសង់ផ្ទះនេះឡើងវិញ ។
កុមារី លី ផា បានប្រាប់ អ្នកយកព័ត៌មានយើង ដោយផ្ទាល់ថា ពួកគេរស់នៅ នាពេលនេះ ជួបការលំបាក និង ខ្វះខាតគ្រប់យ៉ាង ជាពិសេស ប្អូនៗរបស់គេយំស្រែករក ម្ដាយឪពុក និងពេលមានជំងឺម្ដងៗ ពួកគេត្រូវមើលថែគ្នាទៅវិញទៅមក ។ ពួកគេមានសាច់ញាតិនៅ ក្នុងភូមិនេះដែរ តែពួកគាត់រវល់ តែរៀងៗខ្លួន គឺមកមើលពួកគេ តែម្ដងម្កាលប៉ុណ្ណោះ ។
កុមារី ក៏ដូចជា អ្នកជិតខាង បានបញ្ជាក់ថា កាលពីថ្ងៃដែលមាន ភ្លៀង ផ្លរ រន្ទះ ខ្យល់កន្ត្រាក់ ធ្វើឲ្យផ្ទះគេដួលរលំទាំងស្រុងនោះ ពួកប្អូនៗរបស់គេបានរត់ចេញពីក្នុងផ្ទះ ទៅឈរឱបគ្នានៅកណ្ដាលវាលស្រែ ដែលមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នាពេលនោះ ខណៈដែលកុមារី ជាបងបានរត់ពីសាលារៀន កាត់ភ្លៀង ខ្យល់ ដើម្បីមកមើលប្អូនៗរបស់គេ ដែលកំពុងឈរកណ្ដាលវាលស្រែនោះ ព្រោះផ្ទះរបស់អ្នកជិតខាងមួយខ្នងនៅក្បែរនោះ ក៏បានដួលបាក់រលំផងដែរ ។ដោយគឿនវ៉េត




































