ភ្នំពេញ ៖ បង្គោលភ្លើង ១ដើម បានបាក់រាបដល់ដី ខណៈដែលរថយន្តកុងតឺន័រ ១គ្រឿង ម៉ាកពុយហ្ស៊ូ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0226 ដឹកខោអាវជជុះពីខេត្តព្រះសីហនុ មកបោះឲ្យម៉ូយនៅផ្សារហងលី លុះមកដល់ចំណុចមុខផ្សារ បានថយរថយន្តទៅក្រោយ ដើម្បីទម្លាក់ខោអាវជជុះ ក៏ជ្រុលទៅបុកបង្គោលភ្លើងតែម្តង ហើយរថយន្តបានព្យាយាមបើករត់បាន ៣០០ម៉ែត្រ តែត្រូវប៉ូលិសខណ្ឌទួលគោក ចាប់ឃាត់បាន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ០៥នាទី ទៀបភ្លឺចូលថ្ងៃទី១១ កុម្ភៈ ២០១៤ នៅតាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុង
សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ អ្នកបើកបររថយន្តមានឈ្មោះ ភូមិ ទីម ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរអ្នកបើករថយន្តកុងតឺន័រឲ្យក្រុមហ៊ុន លឹម ម៉េងហ្វុង ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ក្រោយកើតហេតុ ទាំងតៃកុង និងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចនាំយកទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមច្បាប់៕សុវណ្ណ រិទ្ធគីន