ខេត្តសៀមរាប :កម្លាំងនគរបាលក្រុងសៀមរាបធ្វើការដេញស្ទាក់ចាប់បានជនសង្ស័យម្នាក់ទៅតាមពាក្យបណ្តឹងរបស់ពលរដ្ឋ ខណៈជនសង្ស័យកំពុងជិះម៉ូតូរបស់ជនរងគ្រោះ ហើយត្រូវបានកម្លាំងនគរបាលក្រុងចាប់ឃាត់ខ្លួនបញ្ជូនមកសួរនាំ ទើបដឹងថា ជនសង្ស័យជាចោរជំនាញខាងលួចគាស់ទ្វារនិងកាច់សោករយកម៉ូតូដ៏សកម្មប្រចាំក្រុងសៀមរាប។
ហេតុការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០១៥កន្លងទៅក្នុងអធិការនគរបាលក្រុងសៀមរាប។
លោក អនុសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ អធិការរង ទទួលបន្ទុកព្រហ្មទណ្ឌនគរបាលក្រុងសៀមរាបបានមានប្រសាសន៍ថា ដោយមានពាកបណ្តឹងរបស់ជនរងគ្រោះចំនួន២នាក់ មានទី១/ឈ្មោះ ស៊ីវ យ៉ុង ភេទប្រុស អាយុ៥១ឆ្នាំមានទីលំនៅគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប បានបាត់ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ក្រហមស៊េរីឆ្នាំ២០០៥ពាក់ស្លាកលេខសៀមរាប១.E.០៨៥៥ ត្រូវបានចោរលួចកាត់សោរច្រវ៉ាក់ចាក់កង់ម៉ូតូយកទៅបាត់កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០១៥កន្លងទៅនិងម្នាក់ទៀតឈ្មោះ អ៊ុច សុភណ្ឌ័ ភេតប្រុសអាយុ៣១ឆ្នាំមុខរបរជាទាហាន រស់នៅភូមិខ្នារ សង្កាត់ជ្រាវ
ក្រុងសៀមរាបដែលបានបាត់ម៉ូតូ១គ្រឿងម៉ាកស្គុបពីពណ៌សស៊េរីឆ្នាំ២០១៣-២០១៤ គ្មានពាក់ស្លាកលេខ ត្រូវបានចោរចូលលួចកាត់សោរច្រវ៉ាក់ទ្វារ ហើយយកម៉ូតូទៅបាត់ ថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១៥កន្លងទៅ បន្ទាប់មកកម្លាំងជំនាញរបស់អធិការក្រុងក៏បានដាក់កម្លាំងតាមគោលដៅនីមួយៗដើម្បីដានក៏ឃើញជនសង្ស័យជិះម៉ូតូម៉ាកស្កុបពីរបស់ជនរងគ្រោះគ្មានស្លាកលេខនៅចំនុចផ្លូវទៅក្លិបបាក់ខែងក៏ធ្វើការឆែកឆេក្នុងកែបម៉ូតូក៏ឃើញស្លាកលេខ។លោកបន្តថា ជនសង្ស័យមានឈ្មោះ ព្រំ វណ្ណៈ ភេទប្រុស អាយុ ៣៥ឆ្នាំស្នាក់នៅមិនពិតប្រាកដបានធ្វើសកម្មភាពលួច យកម៉ូតូចំនួនពីរគ្រឿង របស់ជនរងគ្រោះ។លោកបន្ថែមថា ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យ រួចធ្វើ ការដកហូតបានៈទូរស័ព្ទ២គ្រឿង,កាបូបលុយ១,កន្ទ្រៃកាត់ដេរចំនួន៣និងឧបករសម្រាប់ទុកជក់មួយចំនួនព្រមទាំងម៉ូតូចំនួន២គ្រឿងនិងស្លាកលេខចំនួន៣ដែលមានៈស្លាកលេខ១/ស្លាកលេខសៀមរាប ១.E.០៨៥៥ ,២/ស្លាកលេខសៀមរាប ១.J.២៩៩២បានប្រគល់ជូនម្ចាស់ ហើយ ចំណែក មួយទៀតដែលមានស្លាកលេខសៀមរាប ១.D.៥៩៨៥ ដែលជនសង្ស័យបានលុបកែទៅជាសៀមរាប ១.B.៥៩៨៥វិញ ស្លាកលេខនេះមិនទាន់រកម្ចាស់ឃើញទេ ។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធី ។
សូមរំលឹកផងដែរថា មួយរយៈពេលនេះគេសង្កេតឃើញថា នៅក្រុងសៀមរាប មានករណីចោរលួច,ចោរឆក់,និងក្រុមឆបោកបានចេញមកធ្វើសកម្មភាពនៅក្នុងខេត្តសៀមរាបកក្រើកឡើងវិញហើយ ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចនៅតែបន្តតាមដានចាប់ជនទាំងនោះមកផ្តន្ទាទោសតាមច្បាប់ ។
ទោះជាយ៉ាងណាក្រុមជនសង្ស័យមួយចំនួនត្រូវបានគេសង្កេតឃើញថា សមត្ថកិច្ចចាប់បញ្ជូនរួចហើយ ជួនកាលមួយរយៈពេលខ្លីសោះ ជនសង្ស័យទាំងនោះក៏បង្ហាញមុខដដែលៗ ប្រការទាំងអស់នេះហើយ ដែលធ្វើឲ្យកងកម្លាំងប្រដាប់អាវុធក្នុងខេត្តសៀមរាបមានការឈឺក្បាលយ៉ាងខ្លាំង៕






































