សៀមរាបៈបុរសដែលជោគជាំដោយគ្រឿងសុរាម្នាក់ បានកាប់ប្រពន្ធរបស់ខ្លួនជាច្រើនកាំបិតខ្វែវ បណ្តាលឲ្យ ស្លាប់ភ្លាមៗ រួចកាប់ទៅលើអ្នកជិតខាង ដែលមកជួយអន្តរាគមន៏ ស្ទើដាច់ម្រាមដៃពីរទៀត តែចុងក្រោយត្រូវ ប៉ូលិសចាប់វាយខ្នោះ។ ហេតុការណ៏ដ៏ព្រៃផ្សៃនេះ បានកើតឡើងនៅម៉ោងជិត៥ភ្លឺ ថ្ងៃទី២០ខែមេសាឆ្នាំ២០១៤ នៅផ្ទះឃាតករ និងជនរងគ្រោះ ស្ថិតក្នុងភូមិចុងថ្នល់ ឃុំយាង ស្រុកពួកខេត្តសៀមរាប។
ជនដៃដល់មានឈ្មោះលិក ជ្រក់ អាយុ៣៥ឆ្នាំ ជំណែកសពស្ត្រីរងគ្រោះឈ្មោះហូ ភន់ អាយុ៣៧ឆ្នាំ ពួកគេជាប្តីប្រពន្ធមុខរបរធ្វើស្រែ មានកូនប្រុស ពីរនាក់ ម្នាក់អាយុ៨ឆ្នាំនិងម្នាក់អាយុ៦ឆ្នាំ។ លោកអនុសេនីយ៏ឯកនឹម សារ៉ាត់ អធិការងទទួលបន្ទុកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកពួក បានឲ្យដឹងថា តាមការអះអាងពីអ្នកនៅក្បែរខាង បុរសខាងលើរូបនេះថ្ងៃណាក៏ជោគជាំដោយគ្រឿងស្រវឹងដែរ ក្នុងខ្លួនរបស់គេពោពេញដោយជាតិសុរា តែបីថ្ងៃមុនកើតហេតុរូបគេមិនមានជាតិសុរាចូលខ្លួនទេ។
លោកបន្តថា នៅម៉ោងកើតហេតុ ពេលខាងលោកទៅដល់ ស្ត្រីជាប្រពន្ធដេកក្នុងថ្លុកឈាម នៅសល់តែដង្ហើមចុងក្រោយ ហើយក៏ដាច់ខ្យល់ស្លាប់តែម្តង។ ភ្លាមៗនោះសមត្ថកិច្ចក៏បានចាប់ខ្លួនជនដៃដល់ នាំយកទៅកាន់អធិការដើម្បី សួរនាំ។ ក្នុងពេលសាកសួរ ជននេះនិយាយហាក់ដូចមិនដឹងខុសត្រូវ ដោយឆ្លើយថា ក្នុងពេលរូបគេកំពុងដេក ជាមួយប្រពន្ធ ក៏ស្រាប់តែស្រម័យឃើញមានអ្នកផ្សេងដេញកាប់មកលើខ្លួន ហើយខ្លួនបានទាញកាំបិតខ្វែវទៅ កាប់ជននោះវិញតែប៉ុណ្ណោះ គឺមិនបានកាប់ប្រពន្ធទេ។
លោកអធិការងឲ្យដឹងទៀតថា ក្នុងពេលដែលស្ត្រីជាប្រពន្ធមិនទាន់ដាច់ខ្យល់ គឺបានស្រែកឲ្យគេជួយ ហើយបុរសម្នាក់ឈ្មោះសឿង ស៊ាយ ជាអ្នកក្បែរខាងបានទៅជួយឃាត់ តែត្រូវជនដៃដល់កាប់ស្ទើដាច់ម្រាមដៃ ខាងស្តាំចំនួនពីរទៀត។ ចំណែកស្ត្រីជាប្រពន្ធត្រូវជនដៃដល់ កាប់ជាច្រើនកាំបិតខ្វែវ ក្បាលផ្នែកខាងក្រោយ ផុងលលា កខាងមុខស្ទើដាច់ ក្រៅពីនោះគឺកាប់សុះសាច់តែម្តង។
ជនដៃដល់បានបញ្ជូនមកកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ចាត់ការបន្ត។ នៅកន្លែងកើតហេតុក្រុមអ្នកភូមិនិយាយថា បុរសខាងលើមុនពេលសម្លាប់ប្រពន្ធ ថ្ងៃណាក៏ផឹក ថ្ងៃណាក៏ ស្រវឹង នៅពេលស្រវឹងម្តងៗ គេតែងនិយាយម្នាក់ឯងដូចមនុស្សឆ្គួតអីចឹង មើលទៅទំនងដូចជាវង្វេងស្មារតីព្រោះ អស់តែស្រា។ តែអ្វីដែលគួឲ្យសោកសង្រេង គឺកូនប្រុសពីរនាក់ ដែលពុំទាន់ដឹងខុសត្រូវ ម្តាយស្លាប់ចោល ឪពុក ជាប់គុក តើពួកគេនឹងក្លាយទៅជាយ៉ាងណា.?។
លោកអនុសេនីយ៏ឯកជិន សឿត នាយផ្នែកឧក្រិដ្ឋ១ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បាន បញ្ជាក់ថា ទោះបីជាជនដៃដល់និយាយធ្វើដូចមិនដឹងខុសត្រូវយ៉ាងនេះក្តី តែខាងលោកបានកំពុងកសាងសំណុំ រឿង បញ្ជូនទៅតុលាកនៅថ្ងៃទី២១ខែមេសា ដោយចោទប្រកាន់ពីបទ ឃាតកម្មដោយចេតនា៕