ខេត្តព្រះវិហារ ៖ កាលពីវេលាម៉ោង៤ ជិតភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ នៅមុខភោជនីយដ្ឋានចំការឬស្សី ស្ថិតនៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលមកពីរថយន្តសេរី ៩១ស្វិតរបស់លោកអនុសេនីយ៍ទោ ជេត វណ្ណៈ នាយការិយាល័យហ្វឹកហ្វឺនកងរាជអាវុធហត្ថខេត្តព្រះវិហារ ខ្ទេចមុខផ្នែកខាងស្តាំដោយសាររថយន្តដឹកឈើក្រញូង ១គ្រឿងម៉ាកកាមរីសេរី៩៣ ពណ៍សបើកបុក ។
លោកអនុសេនីយ៍ទោ ជេត វណ្ណៈ បានឲ្យដឹងថាៈ នៅវេលាម៉ោងខាងលើលោកបានបើករថយន្តរបស់លោកចេញពីទីបញ្ជាការគោលបំណងទៅផ្ទះនៅភូមិ.ឃុំខាងលើ តែពេលមកដល់ចំនុចកើតហេតុដែលជាចំណុចផ្លូវកោង រថយន្តដឹកឈើក្រញូងបើកយ៉ាងលឿនបណ្តាលឲ្យជ្រុលចង្កូតមកបុករថយន្តលោកខ្ទេចមុខមួយចំហៀង ចំណែករថយន្តដឹកឈើក្រញូងបានជ្រុលធ្លាក់ពីលើផ្លូវទៅមុខលែងរួច ។
រីឯតៃកុងឡានដឹកឈើនោះបានបើកទ្វារត់បាត់ស្រមោល ។ លោកអនុសេនីយ៍ទោ ជេត វណ្ណៈ បានបន្តថាៈ ក្រោយពីកើតហេតុលោកបានចុះពិនិត្យមើលឃើញក្នុងរថយន្តផ្ទុកឈើក្រញូងពេញទើបលោកទូរស័ព្ទទៅលោក អ៊ិត ភូម្រា នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ យករថយន្តស្ទូចយករថយន្តដឹកឈើនោះទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដើម្បីចាត់ការទៅតាមនីតិវិធី ។
គួរកត់សំគាល់ផងដែរថាៈ ឈើក្រញូងត្រូវបានពួកឈ្មួញដឹកចេញពីស្រុកជាំក្សាន តាមបណ្តោយផ្លូវជាតិលេខ៦២ មកដល់ព្រំប្រទល់ខេត្តកំពង់ធំមានចំងាយផ្លូវជិត២០០គីឡូម៉ែត្រ បើពិនិត្យមើលពីក្រុមសមត្ថកិច្ចនៅតាមដងផ្លូវវិញមានរាប់សិបកន្លែង ហេតុអ្វីរថយន្តដឹកឈើក្រញូងទៅមកបានស្រួលដោយពុំមានរំខានពីសមត្ថកិច្ចឡើយ ។ ដោយឡែករថយន្តដឹកឈើក្រញូងខាងលើបើពុំមានជួបគ្រោះថ្នាក់ចរាចរណ៍ទេ នោះប្រហែលទៅដល់ខេត្តកំពង់ចាមបាត់ទៅហើយ ។
ដោយ ឈឿង ចាន់