ខេត្តកំពង់ឆ្នាំ : ទោះបីជាមានការចុះផ្សាយពត៌មាន និងមានសំណូមពរពីមជ្ឈដ្ឋានទូទៅយ៉ាងណាក៍ដោយចំណតរថយន្តក្រុង(ភ្នំពេញ-កំពង់ឆ្នាំង) គេសង្កេតឃើញថាមិនទាន់មានការរៀបចំកែប្រែអោយបានល្អ ប្រសើរនៅឡើយ ដោយមានកន្លែងសម្រាប់អ្នកដំណើរជាតិ ក៍ដូចជាអ្នកដំណើរអន្តរជាតិអង្គុយលេងអោយបានត្រឹមត្រូវនៅឡើយទេ ។
ចំណតរថយន្តក្រុងកំពង់ឆ្នាំង (ភ្នំពេញ-កំពង់ឆ្នាំង) បានក្លាយជាកន្លែងជួល សម្រាប់ប្រកបអាជីវកម្មផ្សេងៗដូចជាតាំងតូបលក់ដូរភេសជ្ជៈ ចំណីអាហារ និង កន្លែងប៉ះកង់រថយន្ត ដោយ សមត្ថកិច្ចពាក់ព័ន្ធមិនបានត្រួតពិនិត្យ និងរៀបចំឬមានចំណាត់ការណាមួយអោយបានល្អប្រសើរ សមស្របឡើយ ។
មជ្ឈដ្ឋនទូទៅ បាននិយាយនិងរិះគន់ថា ដើមឡើយក្នុងចំណតរថយន្តខាងលើ កន្លែងដែលជួលអោយប្រជាពលរដ្ឋលក់ដូរនោះជាកន្លែងសម្រាប់អោយអ្នកដំណើរអង្គុយលេងឬរង់ចាំរថយន្តដើម្បីធ្វើដំណើរ ប៉ុន្តែ អ្នកគ្រប់គ្រងចំណតរថយន្ត ដែលម៉ៅការពីរដ្ឋមិនបានគិតគូររៀបចំអោយបានត្រឹមត្រូវតាមការកំណត់របស់រដ្ឋឡើយ ដោយសារតែចង់បានលាភសក្ការៈចូលហោប៉ៅបែរជាយកកន្លែងសម្រាប់អ្នកដំណើរអង្គុយជួលអោយអាជីវករលក់ដូរទៅវិញ ។
ការធ្វើបែបនេះ មានការប៉ពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ មុខមាត់របស់ខេត្ត ព្រោះថា ចំណតរយន្តក្នុងខេត្តមួយទាំងមូល បែរជាគ្មានកន្លែងអោយអ្នកដំណើរអង្គុយ ហើយកន្លែងដែលសម្រាប់អ្នកដំណើរអង្គុយលេងនោះបែរជាយកទៅជួលអោយអាជីវករលក់ដូរខុសបែបបទទៅវិញ ។
ប្រជាពលរដ្ឋទូទៅ ក្នុងខេត្តកំពង់ឆ្នាំង សំណូមពរបន្តទៀតចំពោះអាជ្ញាធរខេត្ត និង ស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តា ត្រួតពិនិត្យ និងចាត់វិធានការរៀបចំឡើងវិញផង ព្រោះការធ្វើបែបនេះវាហាក់ដូចជាមិនសក្តិសមឡើយ ។ ពាក់ព័ន្ធនិងពត៌មានខាងលើនេះ លោក ផន សំបូរ អ្នកម៉ៅការចំណតរថយន្តនេះ បាននិយាយប្រាប់អ្នកយកពត៌មានយើងនាពេលកន្លងមកដោយសោះអង្គើយថា កន្លែងសម្រាប់អ្នកដំណើរអង្គុយលេងនេះ គឺគេជួលអោយអាជីវករលក់ដូរជាយូរណាស់មកហើយ ហើយរឿងនេះវាគ្មានអ្វីគួរអោយភ្ញាក់ផ្អើលឡើយ ចំណែកកន្លែងអង្គុយមានគគោក ។
តែទោះបីយ៉ាងណាក៍ដោយ គប្បីអាជ្ញាធរខេត្ត ពិសេស ឯកឧត្តម ហ៊ី ណាត អភិបាលរងខេត្តកំពង់ ឆ្នាំង ទទួលបន្ទុកសណ្តាប់ទូទៅក្នុងខេត្ត មេត្តាត្រួតពិនិត្យ និង រៀបចំឡើងវិញផង ដើម្បីចូលរួម ការប្រឡងប្រណាំងទីក្រុងស្អាត ប្រកបដោយសោភណ្ឌភាព ។
សូមរម្លឹកផងដែរថា ចំណតរថយន្តក្នុងខេត្តដទៃដែលមានបញ្ហាដូចចំណតក្នុងខេត្តកំពង់ឆ្នាំង តួយ៉ាងដូចជាចំណតរថយថយន្តក្នុងខេត្តកំពង់ធំ អាជ្ញាធរខេត្ត និងអង្គភាព ស្ថាប័នពាក់ព័ន្ធបានរៀបចំចាត់វិធានការយ៉ាងល្អប្រសើររួចរាល់ហើយ។ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងចាំមើលថាតើចំណតរថយន្តខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្ត ក៍ដូចជាស្ថាប័នពាក់ព័ន្ធអាចមានលទ្ធភាពរៀបចំឡើងវិញអោយបានល្អប្រសើរដូចក្នុងខេត្តនានាដែរឬយ៉ាងណា? ដោយ លោក សុខ គឹមសៀន