ខេត្តកណ្តាល៖សមត្ថកិច្ចនគរបាលស្រុកមុខកំពូលបាន សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអញ្ចាញ និងជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននករបាលខេត្តកណ្តាល ចុះទៅពិនិត្យសាកសពបុរសម្នាក់ស្លាប់អណ្តែតទឹកទន្លេមេគង្គកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ នៅចំណុចមាត់ច្រាំងដងទន្លេមេគង្គ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា សាកសពជនរងគ្រោះពុំត្រូវបាននណាម្នាក់ស្គាល់អត្តសញ្ញាណទេ ។ សពជាមនុស្សប្រុស មានអាយុប្រហែល២៧ទៅ៣០ឆ្នាំ សម្បុរខ្មៅ សក់ស្លូតខ្លី កំពស់១,៦០ម៉ែត្រ ពាក់អាវដៃខ្លីបង្កង់ ពណ៌ខៀវលាយស ពុំមានស្លៀកខោទេ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកមុខកំពូល និងខេត្តជនរងគ្រោះស្លាប់ឲ្យសារលង់ទឹក ព្រោះនៅលើខ្លួនប្រាណសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ។ ជនរងគ្រោះស្លាប់កន្លែងផ្សេងក្នុងរយៈពេល៤ទៅ៥ថ្ងៃមកហើយ គឺនៅថ្ងៃទី២២ និង២៣ ខែមេសា ឆ្នាំ២០១៤ ទើបអណ្តែតមកទើនៅមាត់ច្រាំងទន្លេមេគង្គនេះតែម្តង ។
ក្រោយពីពិនិត្យរួចសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនយកទៅបញ្ចុះនៅដីមាត់ច្រាំងទន្លេមេគង្គ ទល់មុខវត្តព្រែកអញ្ចាញ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ដើម្បីរងចាំសាច់ញាតិមកទំនាក់ទំនងយកទៅធ្វើបុណ្យតាមប្រពៃណី ៕