ខេត្តកំពង់ធំ ៖ សកម្មភាពការដឹកជញ្ជូនបទល្មើសឈើដោយខុសច្បាប់ ឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានអនុវត្ត វិធានការក្តៅគគុក ខណៈពេលដែល លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ ចេញបង្ក្រាបបទល្មើសបានជារៀងរាល់ថ្ងៃ បណ្តាលឲ្យឈ្មួញឈើ កកស្ទះគ្នាណែនតាប់ដូចត្រីចង្វា ប្រដេញទឹក ។
ទោះជាមានការបង្ក្រាប យ៉ាងណានោះ ក៏គេសង្កេតឃើញថា ពុំមានឈ្មួញឯណា ថ្លើមធំហ៊ានដឹកបទល្មើស ឆ្លងកាត់ខេត្តកំពង់ធំនោះទេ ដោយឡែកអ្នកដែលថ្លើមពាសមេឃគឺមានតែ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ ធំ ត្រូវបានគេស្គាល់ឈ្មោះ ហឹង សារឹម និងមន្ត្រីប៉ូលិសក្រុងស្ទឹងសែន ឈ្មោះ ណាង ជាប៉ូលិសចរាចរ ។
សកម្មភាពបង្ក្រាបយ៉ាងក្តៅគគុកនេះ បានកើតឡើងនៅវេលាម៉ោង ១០.៤៥នាទីយប់ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៤ នៅចំនុច ផ្ទះរបស់ លោកស្រី ធឿន វ៉ា ភេទ ស្រីអាយុ ៥១ឆ្នាំ មុនពេលសបង្ក្រាបបានរថយន្តនេះ សមត្ថកិច្ច បានប្រទះរថយន្តកាម៉ារី សេរីឆ្នាំ ៩៣ បានបើកដឹកឈើ ប្រភេទនាងនួន នៅតាមបណ្តោយផ្លូវជាតិ លេខ៦ ក៏បានរាយការណ៍ ជូនលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ និងការគាំទ្រឯកភាព ពីឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ឲ្យលោក សាយ ណូរ៉ា
ព្រះរាជអាជ្ញារង ដឹកនាំកំលាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្នែករដ្ឋបាលព្រៃឈើស្ទោង និងប៉ូលិសក្រុងស្ទឹងសែន កងរាជអាវុធហត្ថ តាមចាប់រថយន្ត ដឹកបទល្មើស ដែលបាន រត់ចូលផ្ទះរបស់លោក ស្រី ធឿន វ៉ា ក៏ត្រូវបានសមត្ថកិច្ច ឃាត់រថយន្តបានជាក់ស្តែងនៅក្នុងផ្ទះ ជាប្រភេទរថយន្ត កាម៉ារី ពណ៌ខ្មៅ អត់ស្លាកលេខ ដែលមានផ្ទុកឈើប្រភេទនាងនួន នៅក្នុងរថយន្តមួយចំនួន ហើយឃាត់ខ្លួនស្ត្រីជាម្ចាស់ផ្ទះដែលមានការស្តប់ឈើប្រណិត សរុប១០៩ដុំ ។
សូមបញ្ជាក់ផងដែរថា ខណៈពេលដែលលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង កំពុងតែអនុវត្តន៍តួនាទី បង្ក្រាប បទល្មើស ក៏ស្រាប់តែមានបុរសម្នាក់ ស្លាកពាក់ជាមន្ត្រីកងរាជអាវុធហត្ថ បានលបលួចមក បញ្ជេះរថយន្ត ក្នុងគោលបំណងរំដោះយករថយន្តដឹកបទល្មើសចេញ ពីគោលដៅបង្ក្រាប តែត្រូវបានលោកព្រះរាជអាជ្ញា សួរនាំហើយក៏បានឃាត់ខ្លួន ដោយចោទពីបទមករំដោះយករថយន្ត ។
វត្ថុតាងមានរថយន្តចំនួន ២គ្រឿ និងឈើនាងនួន ចំនួន១០៩ដុំ ត្រូវបាននាំយកមករក្សាទុកនៅផ្នែករដ្ឋបាល ព្រៃឈើស្ទោង សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នសកម្មភាពមេព្រៃឈើ បានត្រូវថ្នាំរបស់ឈ្មួញអស់ហើយ ទោះ ជាមានការទូរស័ព្ទឲ្យរដ្ឋបាលព្រៃឈើ ស្ទាក់ចាប់រថយន្តដឹកបទល្មើស ក៏គ្មានមេព្រៃណាម្នាក់ ចេញមុខបង្ក្រាបនោះទេ នៅពេលដែលមានការបញ្ជាពី ព្រះរាជអាជ្ញាទើប ពួកគាត់ចេញមុខមកយកទទួលឈើដែល ដែលបង្ក្រាបបានរួចជាស្រេច និយាយឲ្យខ្លីគឺមេព្រៃចាំទទួលតែរបស់ឆ្អិនស្រាប់ៗ។