ខេត្តកំពង់ឆ្នាំង ៖ កាលពីពេលថ្មីៗក្នុងខែឧសភា ឆ្នាំ២០១៤កន្លងទៅនេះ កំលាំងរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង សហការណ៍ជាមួយកម្លាំងសមត្ថកិច្ចចំរុះ មាន កម្លាំងនគរបាល កម្លាំងអាជ្ញាធរដែនដី និងសហគមន៍ ក្រោមការដឹកនាំដោយនាយខណ្ឌរដ្ឋបាលជលផល លោក សេង ប៊ុនឈឿន បានចុះត្រួតពិនិត្យនិងទប់ស្កាត់ការកាប់គាស់ទន្ត្រាន ឈូសឆាយហ៊ុំព័ទ្ធ
ដីព្រៃលិចទឹក និងជីកប្រឡាយធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ យុទ្ធនាការខាងលើ ធ្វើឡើងក្រោមបញ្ជាផ្ទាល់របស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សកម្មភាពឈូសឆាយដីព្រៃលិចទឹកខាងលើ ត្រូវបានគេស្គាល់អ្នកប្រព្រឹត្តឈ្មោះ ហៀ ហ៊ីន ប៉ុន្តែឈ្មោះនេះបានរត់គេចខ្លួនពេល
បែកការណ៍ធ្លាយពត៌មានដល់ថ្នាក់លើ ចំណុចឈូសឆាយព្រៃលិចទឹកប្រមាណ៣០ហិកតា និងជីកប្រឡាយថ្មី៧០០ម៉ែត្រ មាត់៥ម៉ែត្រ ជំរៅ៣ម៉ែត្រ ដែលចាប់ផ្តើមឈូសឆាយភ្ជូររាស់ព្រួសស្រូវបានប្រមាណ២ហិកតា នៅក្នុងការងារក្នុងប្រតិតបត្តិការខាងលើ បានប្រទះឃើញមានទីតាំងស្នាក់នៅមួយកន្លែង គ្រឿងចក្ររួមមាន អេស្កាវ៉ាទ័រមួយគ្រឿង ត្រាក់ទ័រភ្ជួរដីចំនួន៣គ្រឿង រថយន្តដឹកដីចំនួន១គ្រឿង និងម៉ាស៊ីនច្រូតស្រូវចំនួន១គ្រឿង និងសម្ភារៈមប្រើការងារអោយវិស័យកសិកម្ម
មួយចំនួនទៀត ផងដែរ។ កម្លាំងសមត្ថកិច្ចចំរុះក្រោយពីបានពិនិត្យជាក់ស្តែងនិងបានសាកសួររកម្ចាស់ ទីតាំងដើម្បីផ្តល់ពត៌មានប៉ុន្តែរកមិនឃើញ ។ សកម្មភាពត្រួសត្រាយដីព្រៃលិចទឹក និងហ៊ុំព័ទ្ធកាន់កាប់ធ្វើជាកម្មសិទ្ធិខាងលើនេះ គឺចាប់ពីចំណុចបឹងសាវម៉ាវ រហូតដល់ចំណុចបឹងឈូកធំ រួចបន្តមកបឹងក្រឡោង និងចាប់ពីបឹងក្រឡោងមកដល់បឹងក្របី រួចបន្តភ្ជាប់មកទួល គោព្រះ ដោយមានបោះបង្គោលតម្រុយសម្គាល់ព្រំដីជាច្រើនទៀតផង ។ ក្នុងពេលត្រួតពិនិត្យ ចំណុចខាងលើ
ជាហូរហែរចុងក្រោយនេះ សមត្ថកិច្ចពុំបានជួបគ្រឿងចក្រផ្សេងទៀតឡើយ គឺឃើញតែស្នាមការឈូសឆាយដីព្រៃលិចទឹកប៉ុណ្ណោះ ។ វត្ថុតាង និងសំភារៈដែលសមត្ថកិច្ចបានរកឃើញ ត្រូវបានអភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង បញ្ជាអោយកម្លាំងនគរបាលនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចុះយាមរក្សាទុកនៅហ្នឹងកន្លែង រងចាំអនុវត្តតាមនីតិវិធី ។
បង្គោលតម្រុយព្រំដីជាច្រើន ត្រូវបានដកបំផ្លាញចោល រីឯប្រឡាយត្រូវលុបចោលផងដែរ ។ យុទ្ធនាការបង្ក្រាបការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិខាងលើនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ ដើម្បីរកចាប់ជនល្មើស និងអាចមានអ្នកនៅក្រោយខ្នងពាក់ព័ន្ធក្នុងសកម្មភាពខាងលើនេះ។ ដោយ លោក សុខ គឹមសៀន