សភា​កម្ពុជា​ត្រៀម​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ ​នៃ​សភា​និយាយ​ភាសា​បារាំង នៅ​ចុងខែ​មករា ឆ្នាំ​២០១៦​នេះ​

0

​ភ្នំពេញ  សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍ នៃ​សភា​និយាយ​ភាសា​បារាំង នា​ចុងខែ​មករា ឆ្នាំ​២០១៦​នេះ នៅលើ​ទឹកដី​អង្គរ ខេត្តសៀមរាប​។​​នៅមុន​កិច្ចប្រជុំ​មកដល់ នា​ព្រឹក​ថ្ងៃទី​១២ ខែមករា​នេះ ឯកឧត្តម​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​ក្រុម​សភាជាតិ​កម្ពុជា APF បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ ក្នុងការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​នេះ​។​
​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​នេះ មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន ជាពិសេស​កិច្ចប្រជុំ បាន​ស្តាប់​របាយការណ៍​ការងា​រ របស់​លេខាធិការដ្ឋាន​សភាជាតិ​ក​ម្ពុ​ជា​APF​។ យោងតាម របាយការណ៍ បាន​បញ្ជាក់ថា ការងារ​ជាច្រើន​បានសម្រេច​លទ្ធផល និង​បាន​ត្រៀមលក្ខណៈ ជាស្រេច ក្នុងការ​បំពេញភារកិច្ច នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​និយាយ​ភាសា​បារាំង​នោះ​។ ក្នុងនោះ​មាន​ក្រុមការងារ​ឯកសារ ការធ្វើ​បដិសណ្ឋារកិច្ច ក្រុមការងារ​ព័ត៌មាន ការដឹកជញ្ជូន​ជាដើម សុទ្ធតែ​បាន​ត្រៀមលក្ខណៈ​ជាស្រេច ដោយ​រង់ចាំ​ពេលវេលា​នៃ​កិច្ចប្រជុំ​មកដល់​ប៉ុណ្ណោះ ។​
​សូមបញ្ជាក់ថា កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​និយាយ​ភាសា​បារាំង​នេះ គ្រោង​រៀបចំ​ធ្វើ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦​នេះ នៅ​សណ្ឋាគារ Angkor Palace Resort and Spa នា​ខេត្តសៀមរាប​។ គណៈប្រតិភូ​បណ្តា​ប្រទេស ជា​សមាជិក សភា​និយាយ​ភាសា​បារាំង ជាច្រើន​គ្រោង​នឹងចូលរួម​កិច្ចប្រជុំ​នេះ​។​
​ជាការ​កត់សម្គាល់ ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​និយាយ​ភាសា​បារាំង នាពេលនេះ បាន​ប្រព្រឹត្ត​ទៅក្រោយ​ពេលដែល​សភា​ប្រទេស​កម្ពុជា ទទួល​រៀបចំ​មហាសន្និបាត​លើក​ទី​៨ សភា​តំបន់​អាស៊ី (APA) កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៥ ទទួលបាន​ជោគជ័យ ដោយមាន​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​សភា​បណ្តា​ប្រទេស​សមាជិក​(APA) ២២​ប្រទេស​បាន​ចូលរួម​។ ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ ជា​លក្ខណៈ​អន្តរជាតិ​បន្តបន្ទាប់​បែបនេះ បានបង្ហាញ​ពី​ជោគជ័យ និង​ការដើរ​តួនាទី​យ៉ាងសំខាន់​របស់​សភា​កម្ពុ​ជា ក្នុង​កិច្ចការ​អន្តរជាតិ​។​
​មានប្រសាសន៍ ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​និយាយ​ភាសា​បារាំង នា​ព្រឹក​ថ្ងៃទី​១២ មករា​នេះ ឯកឧត្តម​បណ្ឌិត ប៉ែន បញ្ញា បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី និង​ភាគី​ពាក់ព័ន្ធ ទាំងអស់​ត្រូវខិតខំ​បំពេញភារកិច្ច តាម​តួនាទី ដើម្បី​ឲ្យ​កិច្ចប្រជុំ​នេះ ទទួលបាន​ជោគជ័យ ជា​បន្តទៀត​៕​

photo_2016-01-13_08-34-03 photo_2016-01-13_08-34-09 photo_2016-01-13_08-34-06