ភ្នំពេញៈ កើតក្នុងឆ្នាំ១៩៥៤ នៅរាជធានីភ្នំពេញ ក្នុងត្រកូលមន្ត្រីរាជការ លោក ទេព នីថា មានបងប្អូនបង្កើតទាំងអស់ចំនួន ៦នាក់ ប៉ុន្តែ ៤នាក់ បានស្លាប់ក្នុងសម័យខ្មែរក្រហម។
ដោយសារបានកើតក្នុងត្រកូលមន្ត្រីរាជការនៅក្នុងទីក្រុង លោក ទេព នីថា មានឱកាសសិក្សាបញ្ចប់ថ្នាក់វិទ្យាល័យនៅភ្នំពេញ ហើយនៅមុនសម័យខ្មែរក្រហមចូលកាន់អំណាចក្នុងឆ្នាំ១៩៧៥ លោកបានសិក្សានៅមហាវិទ្យាល័យគរុកោសល្យ។
បន្ទាប់ពីពួកខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ លោក ទេព នីថា ដែលក្រោយមកបានក្លាយជាមន្ត្រីរាជការក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។ លោកត្រូវបានគេបញ្ជូនឲ្យទៅសិក្សាបន្តនៅសហភាពសូវៀត ផ្នែកសង្គមវិទ្យា និងវិទ្យាសាស្ត្រសង្គម ហើយក្រោយមកក៏បានទៅសិក្សាផ្នែកគ្រប់គ្រងនៅប្រទេសវៀតណាម អស់រយៈពេល ២ឆ្នាំបន្ថែមទៀត។ នៅរវាងឆ្នាំ១៩៩៧-១៩៩៨ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។
ទាក់ទងនឹងប្រវត្តិការងារវិញ លោកបានធ្វើជាគ្រូពេទ្យនៅខេត្តព្រះវិហារ នៅឆ្នាំ១៩៧៩ ហើយនៅឆ្នាំ១៩៨០ លោកបានមកធ្វើការនៅសមាគមយុវជនមួយនៅភ្នំពេញ។ រហូតដល់ឆ្នាំ១៩៩៧ លោកបានចូលធ្វើការនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានតួនាទីជានាយកខុទ្ទកាល័យអគ្គលេខាធិការ ហើយចាប់ពីឆ្នាំ២០០៣ មក លោកត្រូវបានជ្រើសរើសឲ្យធ្វើជាអគ្គលេខាធិការនៃ គ.ជ.ប។
លោក ទេព នីថា ឲ្យដឹងថា លោកមិនមានវត្តមាននៅភ្នំពេញ នោះទេ ពេលដែល គ.ជ.ប កំពុងជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងថ្មី ប៉ុន្តែនៅពេលទទួលដំណឹងថា លោកត្រូវបាន គ.ជ.ប ជ្រើសរើសឲ្យធ្វើជាអគ្គលេខាធិការជាថ្មីឡើងវិញ លោក ទេព នីថា ថ្លែងថា លោកមិនត្រឹមតែសប្បាយចិត្តនោះទេ ហើយក៏ថែមទាំងភ្ញាក់ផ្អើលទៀតផង ដោយសារលោកថា នៅក្នុងការជ្រើសរើសលើកនេះ មានបេក្ខជនដាក់ពាក្យចូលរួមប្រកួតប្រជែងច្រើន។
ចាប់តាំងពី គ.ជ.ប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ហើយបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន ៤លើករួចមកហើយ។




































