មន្ទីរពេទ្យ Lady Reading ក្រុងប៉េសាវ៉ា រាយការណ៍ថា ការវាយប្រហារដោយគ្រាប់បែកដៃ ចូលក្នុងរោងភាពយន្តបញ្ចាំងរឿងកូនជ្រូកមួយ បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១៣នាក់ កាលពីថ្ងៃទី១១ កុម្ភៈ នៅក្រុងប៉េសាវ៉ា របស់ប៉ាគីស្ថាន ។ គ្រាប់បែកដៃ៣គ្រាប់ បានផ្ទុះខាងក្នុងរោងភាពយន្តសាម៉ា ខណៈមនុស្សប្រមាណជា៨០នាក់កំពុងទស្សនាខ្សែភាពយន្តនាវេលារសៀល ។ អ្នកកាសែតម្នាក់ដែលចូលក្នុងរោងភាពយន្តក្រោយ ការផ្ទុះគ្រាប់បែក រៀបរាប់ថារោងភាពយន្តដែលមានកៅអីអង្គុយ២០០ មានសាកសពមនុស្សរដូករណែល រាយប៉ាយ ដោយស្បែកជើងប្រឡាក់ទៅដោយឈាម ព្រមទាំងស្រោមអនាម័យ ។
រោងភាពយន្តសាម៉ា នោះល្បីខាងបញ្ចាំងខ្សែភាពយន្តកូនជ្រូក ហើយមានសាលបញ្ចាំង ២ ។ រោងភាពយន្តនោះកើតមាននៅក្រុងប៉េសាវ៉ា ចាប់តាំងពី៣០ឆ្នាំមកហើយ ។ វាជារបស់មនុស្សមានឥទ្ធិពលខ្លាំងម្នាក់នៅក្រុងប៉េសាវ៉ា នោះ ។
ការវាយប្រហារនេះមកដល់ល្ងាចថ្ងៃទី១១ កុម្ភៈ នៅពុំទាន់មានក្រុមណាប្រកាសទទួលខុសត្រូវនៅឡើយ ក៏ប៉ុន្តែវាជាសញ្ញានៃការបន្តអំពើហិង្សា ទោះបីមានការចាប់ផ្តើមចរចាសន្តិភាពរវាងរដ្ឋាភិបាល និងពួកឧទ្ទាមតាលីបង់ ក៏ ដោយ ៕