ខេត្តព្រះវិហារៈ កាលពីចុងឆ្នាំ២០១៥អាជ្ញាធរស្រុកជាំក្សាន្តបានចុះរៀបចំសណ្តាប់ធ្នាប់ផ្សារស្រអែមស្ថិតក្នុងភូមិស្រអែមជើងឃុំស្រអែមអោយមានរបៀបរៀបរយសក្ដិសមជាតំបន់ទេសចរណ៍ដែលមានចម្ងាយប្រមាណ២០គីទ្បូម៉ែត្រពីរមណីយដ្ឋានប្រាសាទព្រះវិហារប៉ុន្តែមកដល់ថ្ងៃនេះរញ៉េរញ៉ៃដដែល។
សំយ៉ាបតូបលក់ដូរជាច្រើននៅអមសងខាងផ្លូវត្រង់ទីតាំងផ្សារអនាធិបតេយ្យមួយនេះត្រូវបានអាជ្ញាធរចុះរៀបចំកាត់តម្រឹមបានស្រទ្បះល្អកាលពីចុងឆ្នាំ២០១៥រួចម្តងមកហើយប៉ុន្តែមកដល់បច្ចុប្បន្ននេះក្រុមអាជីវករនៅតែលក់ដូរទំនិញបន្លែនិងសាច់តាមចិញ្ចើមផ្លូវគ្មានសណ្តាប់ធ្នាប់ដដែល។អតិថិជនមួយចំនួនធំដែលមកទិញទំនិញបានបង្កការកកស្ទះចរាចរណ៍តាមទ្រូវផ្លូវជាញឹកញាប់ដោយសារការចតម៉ូតូនិងរថយន្តលើទ្រូងផ្លូវសាធារណះ។
ទីតាំងផ្សារលក់ដូរនៅជាប់ដងដងផ្លូវមួយនេះជាចំណុចឆ្លងកាត់មួយដ៍សំខាន់សំរាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិធ្វើដំណើរឆ្ពោះទៅទស្សនាកំសាន្តរមណីយដ្ឋានប្រាសាទព្រះវិហារ។ហេតុដូច្នេះសូមបងប្អូនអាជីវករលក់ដូរទាំងអស់គួរភ្ញាក់រលឹកដោយខ្លួនឯងដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរដែនដីក្នុងការរៀបចំសណ្តាប់ធ្នាប់អោយបានល្អនិងបង្ហាញពីភាពរីកចំរើនសំរាប់វិស័យទេសចរណ៍នៅតំបន់នោះ។
លោកប្រាក់ភីមេឃុំស្រអែមបានអោយដឹងថាការលក់ដូរទំនិញរញ៉េរញ៉ៃនៅជាប់ដងផ្លូវបង្កទ្បើងដោយម្ចាស់ផ្ទះនៅក្បែរៗនោះប្រមាណ៦០គ្រួសារនៅអមសងខាងផ្លូវ។ម្ចាស់លំនៅដ្ឋានបានជួលដីចំណីផ្លូវសាធារណះអោយអាជីវករមួយក្តាប់តូចលក់ដូរមានភាពអនាធិបតេយ្យដោយមិនបានយកចិត្តទុកដាក់ស្តាប់ការហាមឃាត់របស់អាជ្ញាធរនោះទេ។
លោកបន្តថាកាលពីឆ្នាំ២០១៥អាជីវករជាង១០០នាក់បានស្ម័គ្រចិត្តផ្លាស់ប្តូរទៅលក់ដូរនៅទីតាំងផ្សារស្រអែមថ្មីស្ថិតនៅភូមិស្រអែមជើងឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារប្រកបសណ្តាប់ធ្នាប់ល្អ។លោកបញ្ជាក់ថាទីតាំងផ្សារស្រអែមចាស់កើតទ្បើងជាលក្ខណះឯកជនតែប៉ុណ្ណោះតាំងពីឆ្នាំ២០០៧ដោយដឹងថាអាជីវម្នាក់លក់ដូរមុខផ្ទះគេត្រូវបង់៥ម៉ឺនទៅ១០ម៉ឺនរៀល
ក្នុង១ខែចំណែកទំនិញ០១កញ្ច្រែងត្រូវបង់ពី២០០០ទៅ៣០០០រៀលក្នុង១ថ្ងៃ៕



































